(ភ្នំពេញ)៖ តុលាការ​កំពូល​ បានសម្រេច​ពន្យារពេល​ជំនុំជម្រះ​​លើ​បណ្តឹង​សុំ​​នៅ​ក្រៅ​ឃុំ​​ ​របស់​មន្ត្រី​​សមាគម​​សិទ្ធិ​មនុស្ស​អាដហុក​៤រូប​ និង​អគ្គ​លេខាធិការ​រង​ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​​ការ​បោះ​ឆ្នោត​ (គ.ជ.ប) មួយ​រូប​ ព្រោះ​កំហុស​បច្ចេកទេស។​

តាម​ការ​គ្រោង​ទុក​ តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ នឹង​ជំនុំជម្រះ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ពួកគេ​។​ ប៉ុន្តែ​សវនាការ​នេះ​ ត្រូវលើក​​ពេល​ទៅ​ថ្ងៃ​ទី​៦​ ខែ​មីនា​ ឆ្នាំ​២០១៧​ ខាងមុខ​នេះ​ ដោយសារ​កំហុស​បច្ចេកទេស​ ។

មេធាវី​មួយរូប ក្នុងចំណោម​មេធាវី​ទាំង​ប្រាំ​រូបរបស់ជនជាប់ចោទ​ គឺ​ លោក សំ សុ​គង់   បាន​ឲ្យដឹងថា​ មូលហេតុ ដែល​សវនាការ ត្រូវបាន​លុបចោល គឺ​ដោយ​សារ​តែម​ន្ត្រី​ផ្នែក​រដ្ឋបាល​នៃ​តុលាការ​កំពូល មិនបាន​ប​ញ្ជូ​ល​ដីកាកោះទៅកាន់​ពន្ធនាគារ​។ លោកអះអាងថា ក្រុម​មេធាវី បានទទួល​ដីកាកោះ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ មិនបាន​ទទួល​នោះទេ ដោយ​មន្ត្រី​ផ្នែក​រដ្ឋបាល​នៃ​តុលាការ​កំពូល ច្រឡំ​យក​ដីកាកោះឲ្យ​ក្រុមគ្រួសារ​នៃ​ជន​ត្រូវ​ចោទទៅវិញ​។

​លោក​មេធាវី​រូបនេះ យល់ថា ការពន្យារពេល​ជំនុំជម្រះ គឺ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កូនក្តី​របស់លោក​។

គួរ​រំលឹក​ថា​ ក្រុម​​ជនត្រូវចោទ​ទាំង​៥នាក់​ ត្រូវ​បាន​លោក​ ធាម​ ច័ន្ទ​ពិសិដ្ឋ​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​ ។

លោក​ នី​ សុខា​  ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​អាដហុក​ លោក​ យី​ សុខសាន្ត​ អនុ​ប្រធាន​សមាគម​អាដហុក​ លោក​ ណៃ​ រ៉ង់ដា​ អនុ​ប្រធាន​សមាគម​អាដហុក​ និង​ លោក​ស្រី​ លឹម​ មុន្នី​ មន្ត្រី​ ជាន់​ខ្ពស់​សមាគម​អាដហុក​ ត្រូវ​បាន​លោក​ព្រះ​រាជ​អាជ្ញា​រង​ គុជ​ គឹម​ឡុង​ ចោទ​ពី​បទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​៥៤៨នៃ​ក្រម​ព្រហ្មទណ្ឌ​ ។ ដោយ​ឡែក​លោក​ នី​ ចរិយា​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​២៩​ និង​ មាត្រា​ ៥៤៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​។  ជាមួយ​គ្នា​នេះ​ លោក​ សឺន​ សាលី​ ជា​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ ក៏ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ ផង​ដែរ​ ។​ បទល្មើស​សូកប៉ាន់​សាក្សី​ កំណត់​ការ​ផ្តន្ទា​ទោស​ពី​៥ឆ្នាំ​ទៅ​១០ឆ្នាំ​ ។

ពួកគេ​ទាំងអស់​ ត្រូវ​បាន​តុលាការ​រកឃើញថា​ បាន​បញ្ចុះបញ្ចូល​ ឬ​ លួងលោម​ កញ្ញា​ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ មិន​ឲ្យ​និយាយ​ការ​ពិត​ដល់​សមត្ថកិច្ច​ ចំពោះ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក​ កឹម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ៕