(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បើកសម័យប្រជុំពេញអង្គលើកទី២៨ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ  ក្រោមព្រះរាជាធិបតីរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា, លោក សំ ប្រជាមានិត អគ្គលេខាធិការនៃ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិចថា មានការផ្លាស់ប្តូរចៅក្រម និងព្រះរាជអាជ្ញាជាច្រើនរូបនៅតាមបណ្តាខេត្តមួយចំនួន។

លោក សំ ប្រជាមានិត បានឲ្យដឹងភ្លាមៗថា លទ្ធផលនៃសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានបង្ហាញរបៀបវារៈចំនួន១១ ដោយក្នុងនោះអង្គ ប្រជុំបានសម្រេចបោះឆ្នោតយល់ព្រមស្នើតែងតាំង និងផ្ទេរមុខតំណែង ប្រធានសាលាដំបូងខេត្តចំនួន៤រូប (ខេត្តកោះកុង, កំពង់ស្ពឺ, ពោធិសាត់, កំពត) អនុប្រធានសាលាដំបូង រាជធានី-ខេត្តចំនួន១៦រូប និងចៅក្រមសាលាដំបូងរាជធានី-ខេត្ត ចំនួន៣៤រូប។​

លទ្ធផលនៃសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា អង្គប្រជុំបានយល់ព្រមលើសំណើ តែងតាំង អគ្គព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ទរណ៍ចំនួន០៣រូប និងសម្រេចតែងតាំងផ្ទេរមុខតំណែង ព្រះរាជអាជ្ញា ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី-ខេត្តចំនួន២៨រូប។

លើសពីនោះទៀត អង្គប្រជុំបានបោះឆ្នោតសម្រេចឲ្យចៅក្រមតុលាការកំពូល ដែលមានអាយុ៦៥ឆ្នាំឡើងទៅចំនួន០៥រូប អាចបន្តការងារបាន។ ចំណែកលោក យូ ប៊ុនណា យល់ព្រមអនុញ្ញាតឲ្យចូលបម្រើការងារនៅជាចៅក្រមសាលាឧទ្ទរណ៍វិញ ព្រមទាំងបោះឆ្នោតសម្រេចយល់ព្រមអនុញ្ញាតឲ្យលោក ឆែ វិវឌ្ឍនៈ ចៅក្រមសាលាដំបូងខេត្តកណ្តាល ឈប់សម្រាកពីការងារដោយរក្សាក្របខណ្ឌ និងប្រាក់បៀវត្សរយៈពេល២ឆ្នាំ។

ខាងក្រោមនេះលទ្ធផលនៃសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្រោមព្រះរាជាធិបតីរបស់ព្រះករុណា៖