(ភ្នំពេញ)៖ បន្ទាប់ពីអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម Facebook បាននាំគ្នាសរសេររិះគន់ ចំពោះការសាងសង់ផ្លូវ អាកាសថ្មើរជើង នៅផ្លូវជាតិលេខ៤ថា អាចនឹងប៉ះពាល់ និងបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកធ្វើដំណើរឡើងចុះលើស្ពាន អាកាសថ្មើរជើងឆ្លងផ្លូវជាតិលេខ៤នោះ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចេញមក ពន្យល់លម្អិតពាក់ព័ន្ធករណីខាងលើនេះ។

មន្ទីរសាធារណការ និងដឹកជញ្ជូន បានបង្ហាញហេតុផល៥យ៉ាង ជូនសាធារណៈជនយ៉ាងដូច្នេះថា «ដោយមានបញ្ហាចម្ងល់ ក្នុងបណ្តាញ Facebook ស្តីពីករណីស្ពានអាកាសថ្មើរជើង នៅផ្លូវជាតិលេខ៤ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សូមថ្លែងអំណរគុណនូវមតិយោបល់ និងសូមធ្វើការបំភ្លឺ ជូនសាធារណជន ដូចខាងក្រោម៖

១៖ ការសិក្សាគម្រោងឈរលើ ហេតុផលបច្ចេកទេស និងផលប៉ពាល់ជាចម្បង គឺជាការសិក្សាដោះស្រាយបញ្ហាចរាចរណ៍ ដោយរៀបចំជាហេដ្ឋា រចនាសម្ព័ន្ឋក្នុងតំបន់ រួមមានបញ្ហាលំហូរចរាចរណ៍ បញ្ហាចំណតរថយន្ត បញ្ហាសុវត្ថិភាព បញ្ហាថ្មើរជើង បញ្ហាបណ្តាញប្រឡាយបង្ហូរ និងរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ។

២៖ បញ្ហាផលប៉ះពាល់ផ្សេងៗ ដូចជាបណ្តាញអគ្គិសនី បណ្តាញទឹក បណ្តាញប្រៃសណីយ៍... និងផលប៉ះពាល់ប្រជាពលរដ្ឋ ជារឿងសំខាន់។ ករណីនេះ បើជណ្តើរស្ពានថ្មើរជើងចុះ ឬឡើងចំពីមុខផ្ទះកៀកមាត់ទ្វារ ម្ចាស់ផ្ទះនឹងជំទាស់ដាច់ខាតដោយសារ ជណ្តើរបិទមុខផ្ទះប្រជាពលរដ្ឋ។

៣៖ ផ្លូវក្រៅសងខាង សម្រាប់តែយានយន្តចេញ និងចូល ផ្ទះប្រជាពលរដ្ឋសងខាងផ្លូវប៉ុណ្ណោះ ជាផ្លូវចរាចរណ៍មិនច្រើនទេ ហើយបើធ្វើ ដំណើរផ្លូវឆ្ងាយ យានយន្តត្រូវបត់ទៅគន្លងផ្លូវកណ្តាលចំនួន៦ខ្សែ ដែលជាផ្លូវល្បឿនលឿន គ្មានឧបសគ្គ។

៤៖ ជួររត់ត្រង់នឹងគន្លងជណ្តើរស្របផ្លូវនេះ យើងបង្កើតបានចំណតរថយន្តជាច្រើន រួមទាំងរៀបចំសួនច្បារផងដែរ។ ទីតាំងនេះ បើដោះស្រាយបញ្ហាចំណតមិនបាន ការកកស្ទះចរាចរណ៍ច្បាស់ជាកើតមានដដែល។

៥៖ ការរៀបចំប្រឡាយបង្ហូរទឹក និងបណ្តាញលូ។ ដោយសារទីតាំងនេះ ជាតំបន់រងនូវទឹកជំនន់លិច យើងបានសិក្សាទីតាំងគ្រឹះស្ពាន មិនឲ្យប៉ះពាល់ដល់បណ្តាញផ្លូវទឹក និងបណ្តាញបំពង់ក្រោមដីទឹកស្អាតផងដែរ»៕

រូបភាពដែលគេ រិះគន់តាម Facebook