(ភ្នំពេញ)៖ សេចក្ដីប្រកាសព័ត៌មានស្ដីពីសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦ និងទិសដៅការងារ ឆ្នាំ២០១៧ របស់ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៦ ផ្ទះប្រជាពលរដ្ឋ ៣.២៨លានខ្នង ទទួលបានអគ្គិសនីប្រើប្រាស់ ស្មើនឹង ៥៨.២៣ភាគរយ នៃចំនួនខ្នងផ្ទះប្រជាពលរដ្ឋសរុប ទូទាំងប្រទេស។

តាមសេចក្ដីប្រកាសរបស់ក្រសួងរ៉ែ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានប្រកាសថា គិតត្រឹមឆ្នាំ២០១៦ កន្លងទៅ អាជ្ញាបណ្ណសេវាករ ចែកចាយអគ្គិសនីមានចំនួន ៤១៣អាជ្ញាបណ្ណ គ្របដណ្ដប់លើភូមិចំនួន ១៣,៨០៣ភូមិ ត្រូវជា ៩៧.៤២ភាគរយ នៃចំនួនភូមិនៅទូទាំងប្រទេស។

សេចក្ដីប្រកាសដដែលបានបន្តថា ឆ្នាំ២០១៦ ការតភ្ជាប់ចរន្តអគ្គិសនីឲ្យអ្នកប្រើប្រាស់តាមខ្នងផ្ទះ មានចំនួន «៣.២៨លានខ្នងផ្ទះ» មានន័យថា គេហដ្ឋានប្រមាណ ៥៨.២៣ភាគរយ មានអគ្គិសនីប្រើប្រាស់៕