(ប៉េកាំង)៖ លោក កែ ប៊ុនខៀង និងលោក ហ៊ុន ម៉ាណែត បានដឹកនាំគណ:ប្រតិភូយុវជនកម្ពុជា ទស្សនាទីស្នាក់ការកណ្ដាល ក្រុមហ៊ុន Star Times នៅក្នុងទីក្រុងប៉េកាំង នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

លោកប្រធានគណ:ប្រតិភូ បានសម្ដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះទំនើបកម្ម និងភាពរីកចំរើនឥតឈប់ឈររបស់ក្រុមហ៊ុន Star Times ក្នុងការបំរើសេវាកម្ម Media Broadcasting ដល់អតិថិជន ជាពិសេសការបង្កើតបច្ចេកវិជ្ជាថ្មី ជា TV Projector សំរាប់ប្រជាជនចិន ក៏ដូចជា ប្រជាជាតិដ៏ទៃទៀត ដែលក្រុមហ៊ុនបានវិនិយោគ។ 

នៅក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់អំពីកត្តាសុខសន្តិភាព និងការអភិវឌ្ឍន៏ រីកចម្រើន លើគ្រប់វិស័យរបស់កម្ពុជា។ មិនតែប៉ុណ្ណោះលោកក៏បានលើកទឹកចិត្តផងដែរ ចំពោះក្រុមហ៊ុន Star Times ដែលមានបំណងបោះទុនវិនិយោគ លើវិស័យ Media Broadcasting នៅកម្ពុជា៕