(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី មាស រ៉ាវុធ អនុប្រធាននាយកដ្ឋានទទួលបន្ទុក ការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ក្រោយមានបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ចាន់  វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះឆែកឆេរ​ទីតាំងស្តុក និងចែកចាយមួកសុវត្ថិភាព ដែលចម្លង និងធ្វើត្រាប់តាមការរចនារបស់ ក្រុមហ៊ុនមួកសុវត្ថិភាព «SPC» ដែលនាំឲ្យមានការភ័ន្តច្រឡំ ដែលរំលោភទៅនឹងច្បាប់ស្តីពីម៉ាកពាណិជ្ជនាម ​និងអំពើនៃការប្រកួតប្រជែង មិនស្មោះត្រង់(ច្បាប់កម្មសិទ្ធិបញ្ញា)។

នៅពេលសមត្ថកិច្ចចុះប្រតិបត្តិការបានរកឃើញ និងដកហូតមួកសុវត្ថិភាពចំនួន៤៤៥មួក មករក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ នេត ជា ភេទប្រុស អាយុ៤១ ឆ្នាំ មកសាកសួរបំភ្លឺដើម្បីបន្តនីតិវិធី។

ប្រតិបត្តិការឆែកឆែរខាងលើនេះ ធ្វើឡើងនៅទីតាំង ផ្ទះលេខ៨៥ ផ្លូវលេខ ៥៣ BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នេះធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធី ដោយលោក លី  សុផាណា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងធ្វើឡើងទៅតាមការអនុវត្ត តាមពាក្យបណ្តឹងរបស់លោក លុយ គាត ម្ចាស់ម៉ាកមួកសុវត្តិភាព «SPC» ចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម៕