(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ការសម្រេចឱ្យគ្រឹះស្ថានធនាគារ​និងមីក្រូហិរញ្ញវត្ថុមួយចំនួន ផ្លាស់ប្តូរស្លាកសញ្ញា (ឡូហ្គោ) គឺជាការឆ្លើយតបនឹងការភាន់ច្រឡំរបស់ ប្រជាជាជនកម្ពុជា នាថ្មីៗនេះ ដោយសារតែមានបក្សប្រឆាំងបានដើរបំភាន់ប្រជាពលរដ្ឋ។

ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងបន្ទាប់ពី មានមជ្ឈដ្ឋាន​មួយចំនួនរិះគន់​ចំពោះចំណាត់​ការរាជរដ្ឋាភិបាល​ដែលជំរុញឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួនផ្លាស់ប្តូរស្លាកសញ្ញាស្រដៀងនឹងរបស់រដ្ឋ ខណៈដែលពួកគេ​ប្រើប្រាស់ស្លាកសញ្ញានោះ ជាច្រើនឆ្នាំមកហើយ។

លោក សុខ ឥសាន បានអះអាងតាមសារឡិចត្រូនិក Telegram នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះថា «សូមបញ្ជាក់ថាកន្លងមក មិនទាន់មានរឿង ដែលធ្វើឲ្យប្រជាជនយល់ច្រទ្បំ។ ប៉ុន្តែដោយសារ​ការឃោសនាភូតភរ​របស់បក្សប្រឆាំង​បំភាន់​មតិប្រជាជនថា “បើខ្លួនឈ្នះឆ្នោតខ្លួននឹងលប់ចោលបំណុលធនាគារទាំងអស់”។ ហេតុនេះហេីយ ត្រូវតែមានវិធានការណ៍ឲ្យអង្គភាពមីក្រូហិរញវត្ថុណាដែលមានផ្លាកសញាដូច ឬ ប្រហាក់ប្រហែលនឹងធនាគាររដ្ឋ និង ក្រសួងហិរញវត្ថុ ត្រូវតែផ្លាស់ប្តូរចេញ កុំទុកឲ្យប្រជាជនយល់ច្រទ្បំតទៅទៀត នាំខូចខាតប្រយោជន៍»។  

លោកបានបន្ថែមទៀតថា «នេះជាវិធានការណ៍សមស្រប ឆ្លើយទៅនឹងឧបាយកលពឹសពុល របស់បក្សប្រឆាំង​ដែលតែងតែ​ឆ្លៀតឱកាសកេងចំណេញនយោបាយ ហេីយទុកឲ្យរាជរដ្ឋាភិបាលទទួលថ្មបាក់។ ក្នុងនាមជាអ្នកទទួលខុសត្រូវ ចំពោះ​ជោគវាសនា​របស់ប្រទេសជាតិ រាជរដ្ឋាភិបាលចាំបាច់ត្រូវមានវិធានការណ៍សមស្របដេី្បីផលប្រយោជន៏របស់ប្រជាជន»

រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិញ្ញវត្ថុនានា ដែលមានឡូហ្គោ ដូចទៅនឹងស្ថាប័នរបស់រដ្ឋ ផ្លាស់ប្តូរស្លាកសញ្ញារបស់ខ្លួនចេញ។ ក្នុងនោះធនាគារអេស៊ីលីដា ដែលមាន​ឡូហ្គោរូបហង្ស ដូចទៅនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានផ្លាស់ប្តូរឡូហ្គោរបស់ខ្លួនផងដែរ។ ចំណែកគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែលមានឡូហ្គោ ដូចទៅនឹងធនាគារជាតិ ក៏បានប្រកាសផ្លាស់ប្តូរឡូហ្គោ របស់ខ្លួនតាម​សំណើ​របស់រាជរដ្ឋាភិបាលផងដែរ។

កន្លងទៅប្រជាពលរដ្ឋមួយចំនួន ដែលនៅតាមជនបទដាច់ស្រយ៉ាល់ មានការភាន់ច្រឡំថា គ្រឹះស្ថានមីក្រូហិញ្ញវត្ថុមួយចំនួន គឺជារបស់រដ្ឋ ហើយនៅពេលដែលមានការរឹបអូសដីធ្លី ផ្ទះសំបែក ដោយសារតែមិនអាចសងបំណុល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ទាំងនោះបាន ពួកគេបានរិះគន់ និងជេរប្រមាថដល់រាជរដ្ឋាភិបាលទៅវិញ។

ដើម្បីលុបបំបាត់នូវការភាន់ច្រឡំនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវពាក្យស្លោកនៅតាមសារព័ត៌មាន និងសារគម​នាគមន៍​ថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ»