(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច  និងជាតំណាងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ាន ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ
បានអញ្ជើញចូលរួម នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៥-ឆ្នាំ២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៦-ឆ្នាំ២០១៨ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

សន្និបាតខាងលើក៏មានការចូលរួមពី លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចនារី ប្រធាន គ.ជ.ស.ស.ខ ព្រមទាំង មានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងកិច្ចនារី សមាជិកសមាជិការ ពីគ្រប់បណ្តាខេត្ត រាជធានី ផងដែរ។

ក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានអានសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដោយបានផ្តល់អនុសាសន៍៤ចំណុច ដល់អង្គសន្និបាតយកទៅអនុវត្តន៍បន្ត ក្នុងការលើកកំពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ឲ្យកាន់តែមានប្រសិទ្ធភាព និងបន្តគាំទ្រគ្រប់ពេលវេលា នូវរាល់សកម្មភាពរបស់គណៈកម្មធិការជាតិ គ.ជ.ស.ស.ខ ក្រុមការងារជំនាញ គណៈកម្មធិការចម្រុះរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យបំពេញបេសកកម្មរបស់ខ្លួន ទទួលបានជោគជ័យថែមទៀត ។

ជាមួយគ្នានេះ លោកស្រី ម៉ែន សំអន ក៏បាននាំនូវការផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឲ្យ គ.ជ.ស.ស.ខ យកចិត្តទុកដាក់ និងប្រេងប្រែងបន្ថែមទៀត ក្នុងការដោះស្រាយ ការរើសអើងចំពោះស្ត្រី មិនផ្តល់តម្លៃដល់ ស្ត្រីដែលនៅតែកើត មាន។ម្យ៉ាងទៀត ស្ត្រីដែលជាមាតា ត្រូវចូលរួមអប់រំផ្សព្វផ្សាយ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ដែលស្ត្រីជាមាតា មានពេលគ្រប់គ្រាន់ ក្នុងការប្រៀនប្រដៅកូនចៅ ឲ្យយល់ពីគ្រោះថ្នាក់នេះ ។

លោកស្រី ម៉ែន សំអន ថា អង្គសន្និបាតបានលើកទិសដៅការងារ ឆ្នាំ២០១៧-ឆ្នាំ២០១៨ ដល់គណៈកម្មាធិការជាតិលើក កម្ពស់ សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មការចម្រុះលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ថ្នាក់រាជធានី ខេត្ត អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមាន សមត្ថកិច្ច បន្តអនុវត្តតាមអនុសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន ហ៊ុន សែន ឲ្យកាន់តែមានប្រសិទ្ឋភាព ក្នុងគោលបំណងរួមចំណែកធ្វើឲ្យសង្គមកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមានសន្តិភាព និងវឌ្ឍនភាពជានិច្ចនិរន្ត៍៕