(ភ្នំពេញ)៖ និសិ្សតសាកលវិទ្យាល័យជាតិគ្រប់គ្រង ជាច្រើននាក់ បាននាំគ្នាបរិច្ចាគជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមវត្តមានលោក ហោ ប៉េង សាកលវិទ្យាធិការ សាកលវិទ្យាល័យជាតិគ្រប់គ្រង, លោក ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងមិត្តសិល្បករចូលរួមផងដែរ ដោយកម្មវិធីនេះ មានការចូលរួមឧបត្ថម្ភធំ គឺទឹកបរិសុទ្ធវីតាល់ ។

លោក ហោ ប៉េង សាកលវិទ្យាធិការ នៃសកលវិទ្យាល័យជាតិគ្រប់គ្រង ក៏បានសម្តែងនូវការស្វាគន៍យ៉ាងកក់ក្តៅ ចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏ដូចជាក្រុមហ៊ុន វីតាល់ ដែលបានចូលរួមចំណែកក្នុងការរៀបចំកម្មវិធីសប្បុរសធម៌នេះឡើងម្តងទៀត ក្នុងបរិវេណសាកលវិទ្យាល័យជាតិគ្រប់គ្រង ហើយលោកក៏បានអបអរសាទរដល់ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់និស្សិតទាំងឡាយ ដែលប្អូនៗមានសណ្តានចិត្តសប្បុរស ក្នុងការបរិច្ចាគឈាម លោកថាទង្វើនេះបានបង្ហាញយ៉ាងច្បាស់ នូវឆន្ទៈសាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី ។

លោកសាកលវិទ្យាធិការ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះក្រុមហ៊ុនទឹកពិសាវីតាល់ ដែលតែងតែចូលរួមឧបត្ថម្ភក្នុងកម្មវិធីមនុស្សធម៌នានា ជាពិសេសកម្មវិធីបរិច្ចាគឈាម នៅសាលាជាតិគ្រប់គ្រង ដែលវីតាល់តែងតែមានវត្តមានជាច្រើនឆ្នាំរួចមកហើយ ។

លោក វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានថ្លែងអំណរគុណ ដល់និស្សិតជាតិគ្រប់គ្រងទាំងអស់ ដែលបានប្រារព្ធកម្មវិធីផ្តល់ឈាមនេះ លោកថា ការចូលរួមបរិច្ចាគឈាមនេះ គឺពិតជាប្រសើរណាស់ ព្រោះស្តុកឈាមរបស់យើង ក៏កំពុងតែត្រូវការប្លោកឈាមដើម្បីបំពេញបន្ថែម សម្រាប់ការផ្គត់ផ្គង់ដល់តម្រូវការ ដែលមានការកើនឡើងជារៀងរាល់ថ្ងៃ។

ជាមួយគ្នានោះលោកវេជ្ជបណ្ឌិត ក៏បានផ្ដាំផ្ញើទៅដល់និស្សិត សិស្ស ប្រជាពលរដ្ឋ ទាំងអស់ថា ការរិច្ចាគឈាមគឺមិនមានផលប៉ះពាល់ទៅដល់សុខភាពនោះឡើយ ព្រោះមានការកកើតគ្រប់ឈាមពីខួរឆ្អឹង ហើយការបរិច្ចាគនេះ អាចឲ្យយើងបានដឹងពីស្ថានភាពសុខភាពរបស់យើងផ្ទាល់ ជាពិសេសទាំងនោះទៀតនោះ គឺបានជួយសង្គ្រោះទៅដល់អាយុជីវិតរបស់អ្នកជំងឺ ឲ្យរស់រានមានជីវិតឡើងវិញ។

លោកក៏បានជំរុញ និងអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ពិសេសក្រុមយុវជន មេត្ដាចូលរួមបរិច្ចាគឈាមដើម្បីយកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំង លើការជួយសង្គ្រោះជីវិតអ្នកដទៃ។ លោកបន្តថា បើសិនជាគ្មានការចូលរួមចំណែក ពីសប្បុរសជនទាំងឡាយ នោះមជ្ឈមណ្ឌល ក៏មិនអាចទ្រទ្រង់ និងផលិតឈាមដោយខ្លួននោះឡើយ ដូច្នេះការចូលរួមរបស់បងប្អូនពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ។

ក្រុមហ៊ុនទឹកពិសា វីតាល់ ដែលជានិច្ចជាកាលតែងតែគាំទ្រដល់សកម្មភាព មនុស្សធម៌នានាក្នុងសង្គមផងនោះ ដើម្បីលើកទឹកចិត្តដល់និស្សិតដែលបានផ្តល់ឈាមទាំងឡាយ វីតាល់បានឧបត្ថម្ភទឹកវីតាល់ម្នាក់ ១យួរបន្ថែម លើកការឧបត្ថម្ភទឹកប្រើប្រាស់ ក្នុងកម្មវិធីទាំងមូល។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនទឹកពិសាវីតាល់ សន្យាថានឹងបន្តគាំទ្រ និងឧត្ថម្ភដល់កម្មវិធីបរិច្ចាគឈាម និងសកម្មភាពមនុស្សធម៌សង្គមផ្សេងៗទៀត ដើម្បីជាសក្ខីភាព នៃការចូលរួមរបស់អតិថិជនវីតាល់ក្នុងមូលនិធិ ២៥៛ ពីការលក់ទឹកមួយដប ៕