(ភ្នំពេញ)​៖ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​នេះ​ បាន​បើក​សវនាការ​និង​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លោក​ស្រី​ ទេព​ វន្នី​ តំណាង​សហគមន៍​បឹងកក់​ ដាក់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​៦ខែ​ ពាក់ព័ន្ធ​ការ​ប្រើ​អំពើ​ហិង្សា​លើ​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ ២​នាក់​ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។

លោក​ ឡុង​ កេស​ភីរម្យ​ ជា​ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ក៏​បាន​ពិន័យ​ជា​ប្រាក់​លើ​លោក​ស្រី​ ទេព​ វន្នី​ ចំនួន​៥លាន​រៀល​ និង​ បង្គាប់​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ​២​នាក់​ ចំនួន​៩លាន​រៀល​ ផងដែរ​។

ក្រោយ​ការ​សម្រេច​នេះ​ លោកស្រី​ ទេព​ វន្នី​ ថ្លែង​ថា​ការ​សម្រេច​របស់​តុលាការ​ គឺ​អយុត្តិធម៌​។​

​ពេល​តុលាការ​កំពុង​សវនាការ​រឿង​នេះ​ អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ប្រមូល​ផ្ដុំ​មុខ​តុលាការ​ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក​ស្រី​ ទេព​ វន្នី​។

គួរ​បញ្ជាក់​ថា​ លោក​ស្រី​ ទេព​ វន្នី​ ជាប់​ចោទ​ពី​បទ​ហិ​ង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ៕