(មណ្ឌលគិរី)៖ លោក ហៀក សុផាន នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី និងភរិយា លោកស្រី គាន ស៊ីណាត ម្ចាស់ផ្ទះសំណាក់ រតនៈ មុនីឧត្តម មានទីតាំងក្នុងក្រុងសែនមនោរ្យ ខេត្តមណ្ឌលគិរី លោកនិងភរិយា សូមធ្វើការច្រានចោលទាំងស្រុងនូវព័ត៌មាន មិនពិតដែលធ្វើការផ្សព្វផ្សាយថា លោកធ្វើការសាងសង់ទីធ្លាដីជុំវិញផ្ទះសំណាក់ខ្លួន រំលោភដីសាធារណៈរបស់រដ្ឋ។

លោក ហៀក សុផាន នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះបានធ្វើការបកស្រាយជូនដូចខាងក្រោម៖
រាល់ការចុះផ្សាយកាលពីពេលកន្លងមកចោទប្រកាន់ថា លោកបាននិងកំពុងសាងសង់ទីធ្លាជុំវិញផ្ទះសំណាក់ របស់លោករំលោភធ្វើឲ្យប៉ះពាល់ដី ចំណីផ្លូវរបស់នោះគឺមិនពិតទាល់តែសោះ ដែលបញ្ហាការផ្សព្វផ្សាយមិនពិតនេះ ធ្វើឲ្យមតិសាធារណៈជនមានការយល់ច្រឡំ មិនតែប៉ុណ្ណោះវាបាន និងកំពុងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក និងក្រុមគ្រួសារយ៉ាងធ្ងន់ធ្ងរទៀតផង។

ផ្ទុយទៅវិញការសាងសង់ជុំវិញបរិវេណផ្ទះសំណាក់របស់ផងខ្លួន គឺវារិតតែធ្វើឲ្យសោភ័ណភាព ក្នុងក្រុងល្អប្រសើរមួយកំរិតទៀត លោកនាយករដ្ឋបាល បានបញ្ជាក់ប្រាប់យ៉ាងខ្លីថា រឿងរ៉ាវខាងលើនៃការចុះផ្សាយរឿងមិនពិត កាលពីពេលកន្លងមកនេះ អាចបណ្តាលមកពីទំនាស់ផលប្រយោជន៍ របស់បុគ្គលអ្នកជិតដែលមានមុខរបរដូចគ្នា។

លោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ បានលើកឡើងថា រដ្ឋបាលសាលាក្រុងសែនមនោរម្យ បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះលោកនាយករដ្ឋបាលសាលាខេត្តលោក ហៀក សុផាន និងភរិយាលោក ស្រី គាន ស៊ីណាត ដែលបានសាងសង់ទីធ្លានិងបរិវេណជុំវិញ ផ្ទះសំណាក់របស់ខ្លួន ឲ្យបានល្អប្រសើរបញ្ជៀសរាល់ការរអិលផ្សេងៗ មិនមានការគ្រោះថ្នាក់ដល់ភ្ញៀវផង និងជួយសម្រួលដល់ផ្នែក សោភ័ណភាពក្នុងក្រុងទៀតផង៕