(ភ្នំពេញ)៖ ប្រតិបត្តិករទេសចរណ៍ជាង ៤០ក្រុមហ៊ុន បានចូលរួមភ្លក់ស្រាពិសេស «Sake» របស់ជប៉ុនជាលើកដំបូង នៅរាត្រីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។ រាត្រីភ្លក់ស្រា «Sake»នោះ ក៏មានការអញ្ជើញចូលរួមពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មន្រ្តីរាជរដ្ឋាភិបាល រួមនិងភ្ញៀជាជនជាតិជប៉ុនមួយចំនួនទៀត។

លោក ថោង ខុន បានថ្លែងថា លោកពិតជាសប្បាយចិត្តណាស់ ដែលបានចូលរួមក្នុងរាត្រីភ្លក់ស្រាពិសេស Sake របស់ជប៉ុនជាលើកដំបូង។ លោក ថោង ខុន បន្តថា ពិធីនេះអាចបង្ហាញឲ្យឃើញពីទំនាក់ទំនងល្អ រវាងកម្ពុជា និងជប៉ុន ហើយកម្ពុជា ក៏អាចទាក់ទាញទេសចរណ៍ជប៉ុន មកកម្ពុជាបន្ថែមទៀតនៅឆ្នាំ២០១៧នេះ។

លោកស្រី កាអូរិ តាណាបេ លេខាទី២ នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងជាអ្នករៀបចំកម្មវិធីនេះផ្ទាល់ បានបញ្ជាក់ឲ្យដឹងថា កម្មវិធីរាត្រីសា្រ Sake រៀបចំឡើងដោយសារស្រា Sake របស់ជប៉ុន ជាផ្នែកមួយដ៏សំខាន់ក្នុងប្រទេសជប៉ុន ទើបរដ្ឋាភិបាលជប៉ុន ជំរុញឲ្យមានការផ្សព្វផ្សាយស្រា Sake ឲ្យប្រជាជនកម្ពុជា ទាំងមូលបានស្គាល់ និងយល់ឲ្យច្បាស់ពីសារៈសំខាន់ នៃស្រា Sake។

លោកស្រី កាអូរិ តាណាបេ បានស្នើឲ្យប្រជាជនកម្ពុជា ចូលរួមលើកកំពស់ផលិតផលស្រាពិសេស Sake របស់ជប៉ុន ឲ្យបានគ្រប់ៗគ្នា ពីព្រោះស្រានេះ មានសអត្ថប្រយោជន៍ដល់សុខភាព និងមិនប៉ះពាល់សុខភាព អាចពិសារបានជាមួយម្ហូបខ្មែរបានច្រើនមុខ។

ពិធីការិនី ខៀវ សាន់ សាណា ដែលបានចូលរួមជាភ្ញៀកិត្តិយសនៅក្នុងរាត្រីនោះ បានប្រាប់ឲ្យដឹងថា នេះជាលើកដំបូងហើយ ដែលអ្នកនាង បានភ្លក់ស្រា Sake នាំដោយផ្ទាល់មកពីប្រទេសជប៉ុន។ អ្នកនាង សាណា បន្តថា រសជាតិស្រា Sake របស់ជប៉ុននេះ ពិតជាឆ្ងាញ់ និងស្រួលញុំាពេលដែលញុំាហើយ មានអារម្មណ៍ថា ស្រស់ស្រាយខុសពីធម្មតា។ ពិធីការិនី ខៀវ សាន់សាណា បានបញ្ជាក់ថា «ពេលខ្ញុំសួរខាងស្ថានទូតជប៉ុនថា ស្រា Sake ដែលនាំដោយផ្ទាល់មកពីប្រទេសជប៉ុននេះ មិនមានលក់នៅកម្ពុជា នោះទេ ប៉ុន្តែនៅថ្ងៃណាមួយ នឹងមាននាំចូលមកលក់នៅកម្ពុជា»

លោកស្រី កាអូរិ តាណាបេ បញ្ជាក់បន្ថែមថា ស្រា Sake ជាប្រភេទស្រាផលិតពីប្រទេសជប៉ុន ធ្វើឡើងពីអង្ករ មិនមានជាតិអាល់កុលច្រើន មានក្លិនក្រអូប មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះទេ។ ស្រា Sake ជាប្រភេទស្រា ដែលប្រជាជនជប៉ុន ចូលចិត្តពិសា ហើយក៏មានរសជាតិច្រើនខុសៗគ្នា នៅតាមតំបន់នីមួយៗ៕