(ក្រចេះ)៖ ខេត្តក្រចេះ ជាខេត្តមួយស្ថិតនៅភាគឦសានរាជធានីភ្នំពេញ មានដីសម្បូរជីជាតិ និងមានទន្លេមេគង្គជាប្រភពទឹកមិនចេះរីងស្ងួត ជាអំណោយផលដ៏ល្អសម្រាប់វិស័យកសិកម្ម និងការដាំដុះបន្លែបង្ការផ្សេងៗ សម្រាប់បំពេញតម្រូវការរបស់ប្រជាពលរដ្ឋ តែផ្ទុយទៅវិញខេត្តមួយនេះ បែរជាត្រូវនាំចូលបន្លែ និងត្រីពីរាជធានីភ្នំពេញ សម្រាប់ការហូបចុកប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋទៅវិញ។

លើដងផ្លូវមុខមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តក្រចេះ ជិតរង្វង់មូលព្រាបស បច្ចុប្បន្នបានក្លាយជាកន្លែងចែកចាយបន្លែដ៏ធំ ក្នុងខេត្តក្រ ចេះ ដែលឈ្មួញដឹកចេញពីផ្សារដើមគរ ដើម្បីយកឲ្យអ្នកលក់យកទៅលក់បន្តតាមស្រុក តាមភូមិ។ បន្លែនេះត្រូវបានគេចាប់ផ្តើមចែកចាយចាប់ពីម៉ោង ៣-៤ទៀបភ្លឺ រហូតដល់ម៉ោង៧-៩ព្រឹក ទើបបញ្ចប់។

ក្រុមប្រជាពលរដ្ឋជាអ្នកប្រកបរបរដាំបន្លែលក្ខណៈគ្រួសារ បានរអ៊ូរទាំថា បន្លែ ដឹកពីរាជធានីភ្នំពេញទៅ ដែលគេដឹងថាមួយភាគធំនាំចូលពីប្រទេសវៀតណាមដែរនោះ បានធ្វើឲ្យបន្លែរបស់ពួកគាត់ដាំបានត្រូវធ្លាក់ថ្លៃ រហូតធ្វើឲ្យអ្នកដាំដុះមួយចំនួនអស់ទឹកចិត្តឈប់ប្រកប របរដាំដុះថែមទៀតផង។

ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ក្រៅពីធ្វើស្រែចំការ ពួកគាត់ក៏តែងប្រកបរបរចិញ្ចឹមត្រី និងដាំដុះបន្លែផងដែរសម្រាប់ទ្រទ្រង់ជីវភាព។ ការដាំដុះបន្លែ ក៏បានក្លាយជាមុខរបរជួយឲ្យជីវភាព របស់ពួកគាត់បានល្អប្រសើរមួយកម្រិតផងដែរ។ កាលពីប៉ុន្មានឆ្នាំមុន គេមិនដែលឃើញមានការនាំចូលបន្លែពីរាជធានីភ្នំពេញ ទៅកាន់ខេត្តនេះឡើយ ពោលប្រជាពលរដ្ឋក្នុងខេត្តនេះ អាចដាំដុះបន្លែបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តបាន។

ការដាំដុះនោះទៀតសោត ពួកគាត់រៀនសូត្រតៗតាមគ្នា គេមិនសូវបានឃើញមន្រ្តីជំនាញកសិកម្មខេត្តចុះទៅអប់រំ និងបណ្តុះបណ្តាលពីវិធីដាំដុះជូនពួកគាត់ឡើយ ជាហេតុនាំឲ្យការដាំដុះមិនសូវជាទទួលបានផលល្អប្រសើរ ហើយអាចនិងនាំឲ្យប៉ះពាល់សុខភាពអ្នកប្រើ ប្រាស់មួយចំនួនផងដែរ។ ប៉ះពាល់សុខភាព ក៏ព្រោះតែការដាំដុះរបស់ប្រជាពលរដ្ឋខ្លះ បានប្រើថ្នាំពុលបាញ់សម្លាប់សត្វល្អិតច្រើនលើស លុប ហើយការប្រើថ្នាំពុល ឬ ជី ស្តាប់តាមតែអ្នកលក់ប៉ុណ្ណោះ។

សម្រាប់ពេលបច្ចុប្បន្ន ក្រោយពីមានការនាំចូលបន្លែច្រើនពីរាជធានីភ្នំពេញ មានប្រជាពលរដ្ឋមួយចំនួនធំ ដែលធ្លាប់ប្រកបរបរដាំបន្លែនោះ ក៏បានផ្អាកទៅវិញ។ ការផ្អាក ព្រោះការដាំដុះមិនសូវចំណេញ ពោលពេលពួកគាត់ដាំបន្លែបាននោះ ត្រូវចាល់ជាមួយបន្លែដែលនាំពីរាជធានីភ្នំពេញ។

ក្រៅពីបន្លែត្រី ក៏ត្រូវបាននាំចូលយ៉ាងច្រើនផងដែរ ដើម្បីផ្គួត់ផ្គង់នៅក្នុងខេត្តក្រចេះ។ តាមការសាកសួរជាមួយឈ្មួញនាំត្រីអណ្តែងពីអ្នកលឿងបានឲ្យដឹងថា ក្នុងមួយថ្ងៃគាត់បាននាំចូលត្រីអណ្តែងប្រមាណ ១តោនកន្លះសម្រាប់ចែកចាយក្នុងខេត្តក្រចេះ។

ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ដែលភាគច្រើនពឹងផ្អែកលើការធ្វើស្រែ និងដាំដុះនោះ បានរអ៊ូរទាំពីការប្រឈមក្នុងជីវភាពប្រចាំថ្ងៃរបស់ពួក គាត់ព្រោះតែផលដំណាំមានតម្លៃថោកក្រោយដាំដុះបាន។ ប្រជាពលរដ្ឋខ្លះទៀត ជីវភាពពឹងផ្អែកតែលើថវិការបស់កូនៗ ដែលបានចេញ ទៅធ្វើការងារនៅប្រទេសកូរ៉េជាដើម។

ដោយសារតែដីក្នុងខេត្តក្រចេះសម្បូរជីជាតិ និងសម្បូរប្រភពទឹក និង ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងខេត្តមានសក្តានុពលលើវិស័យកសិកម្មភាគឦសានមួយនេះ អាជ្ញាធរមិនគួរមើលរំលងការបណ្តុះបណ្តាល វិស័យកសិកម្មការដាំដុះស្រូវ បន្លែ និងការចិញ្ចឹមត្រីនោះឡើយ ហើយក៏មិនគួរបណ្តែតបណ្តោយ ឲ្យបន្លែពីប្រទេសជិតខាងហូរចូលដែនដី ជង្រុកកសិកម្មបែបនេះដែរ។ បន្ថែមពីលើនោះគួរតែរិះរកវិធីជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋក្នុងស្រុកប្រឹងប្រែងដាំដុះ ហើយបើមិនអាចរកទីផ្សារក្រៅខេត្ត សម្រាប់ដំណាំរបស់ពួកគាត់ទេ គួរមានវិធានការជួយឲ្យបន្លែ ដែលពលរដ្ឋដាំបានក្នុងខេត្ត មានអាទិភាពសម្រាប់ទីផ្សារក្នុងខេត្ត៕