(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារ ជាមួយប្រតិភូក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន-អាមេរិក (USABC) នៅរសៀលថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានជម្រាបជូនភាគីភ្ញៀវសង្ខេបពីតួនាទីភារកិច្ច ទទួលខុសត្រូវរបស់ក្រសួងលើការងារស្នូលរបស់ខ្លួន ដោយលោកបានលើកពីវិស័យសំខាន់ៗមួយចំនួន ដូចជាៈ វិស័យសហគ្រាសធនតូច និងមធ្យម ទឹកស្អាត បច្ចេកវិទ្យា ស្តង់ដារ មាត្រាសាស្ត្រ វាយតម្លៃទទួលស្គាល់ និងកម្មសិទ្ធិបញ្ញាជាដើម ដែលវិស័យទាំងអស់នេះ ក្រសួងកំពុងយកចិត្តទុកដាក់ជម្រុញយ៉ាងខ្លាំងក្លា ដើម្បីសម្រេចបានតាមគោលដៅអភិវឌ្ឍន៍របស់ក្រសួង ក៏ដូចជាយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីលក្ខណៈពិសេស និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា ដោយកម្ពុជាមានច្រកទីផ្សារនាំចេញទៅក្រៅប្រទេសនូវមុខទំនិញរាប់ពាន់មុខដោយមិនជាប់ពន្ធ និងមិនជាប់កូតា ក្នុងលក្ខខ័ណ្ឌកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួច ជាសមាជិកអាស៊ាន និងសមាជិក អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ លោកទេសរដ្ឋមន្ត្រីបានអំពាវនាវ ឲ្យវិនិយោគិនអាមេរិកចាប់អារម្មណ៍មកបណ្តាក់ទុននៅកម្ពុជាឲ្យបានកាន់តែច្រើនឡើង ស្របពេលដែលកម្ពុជាមានសុខសន្តិភាពពេញលេញ និងតម្លាភាពនៃក្របខ័ណ្ឌច្បាប់ដែលអាចប៉ាន់ប្រមាណបាន។

លោក Mark Lewis ប្រធានក្រុមប្រឹក្សាធុរៈកិច្ច អាស៊ាន-អាមេរិក បានវាយតម្លៃខ្ពស់ចំពោះស្ថានភាព សេដ្ឋកិច្ចរីកចម្រើន នៅកម្ពុជា ។ ក្នុងនោះ បានកោតសរសើរនូវការដឹកនាំប្រកបដោយបទពិសោធន៍របស់ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលធ្វើឲ្យវិស័យសំខាន់ៗរបស់ក្រសួង ត្រូវបានលើកកំពស់ និងពង្រឹងគុណភាព ជាពិសេសគឺវិស័យស្តង់ដារ ទឹកស្អាត និងវិស័យកម្មសិទ្ធិបញ្ញា ។

 សូមបញ្ជាក់ថាៈ USABC តំណាងដោយក្រុមហ៊ុនធំៗ ជាង៥០០ ក្រុមហ៊ុន ដូចជាៈក្រុមហ៊ុន Ford, Coca-Cola, Microsoft, Chevron ជាដើម ។ ក្នុងជំនួបពិភាក្សាថ្ងៃនេះ មានតំណាងក្រុមហ៊ុនចំនួន១៤ មានដូចជាៈ RMA Group ,Ford, Microsoft, Coca-Cola,3M, DOW, Elanco. ConocoPhillips និង GE ជាដើម ។

ស្ថិតក្នុងឱកាសនោះ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានឆ្លើយសំណួរភាគីក្រុមហ៊ុន ដែលចង់ស្វែងយល់ពីវិស័យស្តង់ដារ ទំនិញ ស្តង់ដាររថយន្ត និងវិស័យកម្មសិទ្ធិបញ្ញា ។ ទាក់ទងវិស័យកម្មសិទ្ធិបញ្ញានេះផងដែរ លោកទេសរដ្ខមន្ត្រី  បានជម្រាប ជូនពីកិច្ចសហការរបស់ក្រសួង ជាមួយការិយាល័យកម្មសិទ្ធិបញ្ញា សឹង្ហបុរី ជប៉ុន និងសហគមន៌អឺរ៉ុប លើការងារចុះបញ្ជី ទទួលស្គាល់ និងកិច្ចការពារផ្នែកប្រកាសនីយបត្រតក្កកម្ម (Patent) គ្នាទៅវិញទៅមក និងក៏មានបំណងសហការធ្វើជាមួយ សហរដ្ឋអាមេរិកផងដែរ ដើម្បីទាញទំនុកចិត្តវិនិយោគិនអាមេរិកមកបណ្តាក់ទុននៅកម្ពុជា កាន់តែច្រើនឡើង៕