(បន្ទាយមានជ័យ)៖ ក្រុមអាជីវករខ្មែរដែលរកស៊ីលក់ដូរ នៅផ្សាររុងគ្លឿ ប្រមាណ១០០នាក់ នៅវេលាម៉ោងជាង៣រសៀល​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានផ្ទុះការតវ៉ា រហូតបិទផ្លូវតែម្តង នៅក្រោមប្រាសាទកំពូល៣ ត្រង់ច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត បណ្តាលឲ្យមានការកកស្ទះចរាចរណ៍ និងមិនអាចធ្វើដំណើរឆ្លងកាត់បាន។

តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារ Fresh News បានឲ្យដឹងថា មូលដែលនាំឲ្យក្រុមអាជីវករបិទផ្លូវខាងលើនេះ ដោយសារតែ​ពួកគាត់ខឹងសមត្ថកិច្ចថៃ ចុះចាប់ទំនិញរបស់ពួកគាត់ ដោយចោទថា «រំលោភកម្មសិទ្ធិបញ្ញា» តាំងពីថ្ងៃទី១៩ រហូតមកដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ជាមួយគ្នានេះ ក្រុមអាជីវករខ្មែរ ក៏មានការខឹងសម្បារយ៉ាងខ្លាំងផងដែរ ចំពោះខាងសមត្ថកិច្ចថៃ នាព្រឹកមិញ បានចា​ប់វាយខ្នោះ​ពលករខ្មែរ២នាក់ ប៉ុន្តែដោះលែងទៅវិញ ដោយអះអាងថា​ មានការយល់ច្រឡំ។

នៅពេលនេះអភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន បានចុះទៅសម្របសម្រួលជាមួយសមត្ថកិច្ចថៃ ដើម្បីរកសំណោះ​ស្រាយ៕