(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងករណី​ជួញដូរគ្រឿងញៀន រួមទាំងដកហូតបានថ្នាំញៀនចំនួន១០កញ្ចប់។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចផ្ទះលេខ៧Q ផ្លូវបេតុង ក្រុមទី៦ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើនេះ ឈ្មោះ ងិន ថៃ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧Q ផ្លូវបេតុង ក្រុមទី៦ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និង​ម្នាក់ទៀត ឈ្មោះ គឹម ហុក អាយុ២៦ឆ្នាំ មុខរបរធ្វើការនៅរោងពុម្ភ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។ វត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន១០កញ្ចប់តូច រួមនិងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងប៉ុស្តិកសាងសំណុំរឿង បញ្ចូនខ្លួនមកកាន់ផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការតាមនិតិវិធី៕