(ភ្នំពេញ)៖ ចោរជំនាញខាងឆ្កឹះសោបន្ទប់​ និងផ្ទះប្រជាពលរដ្ឋម្នាក់ នៅពេលនេះត្រូវបានកម្លាំងនគរបាល ចាប់វាយខ្នោះ ខណៈចូលគាស់បន្ទប់ជួលរបស់ប្រធានផ្សារ «វ៉ិនមីង» ក្បែររបងសួនឧស្សាហកម្មកាណាឌីយ៉ា យកបានទូរស័ព្ទ២គ្រឿង។ ការចាប់ខ្លួនជនសង្ស័យរូបនេះ ដោយសារម្ចាស់ផ្ទះ មើលឃើញទាន់តាមកាមេរ៉ាសុវត្ថិភាព ហើយបានទៅប្តឹងនគរបាលតែម្តង។

​ហេតុការណ៍នេះ បានកើតឡើងនៅព្រឹក​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧​ នៅផ្សារ «វ៉ិនមីង» ជាប់របងសួនកាណាឌីយ៉ា​ ភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

​ជនសង្ស័យឈ្មោះ តុល សារ៉ាត​ អាយុ២៤ឆ្នាំ មុខរបរជាងផ្សារដែក​ ស្នាក់នៅបន្ទប់ជួល នៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកម្ចាស់បន្ទាប់ឈ្មោះ ផេង​ វុត្ថា​ ភេទប្រុស​ មុខរបរជាប្រធានផ្សារ«វីលមីង»​ ស្នាក់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា​ នៅមុនពេលកើតហេតុ ម្ចាស់បន្ទប់ដែលជាប្រធានផ្សារ «វីលមីង» មិនបាននៅក្នុងបន្ទប់ ដោយបានចាក់សោត្រឹមត្រូវ មុននិងចាកចេញទៅធ្វើការបាត់។ បន្ទាប់មកម្ចាស់​បន្ទប់ បានឆែកឃើញតាមកាមេរ៉ាសុវត្ថិភាព ដោយជនសង្ស័យកំពុងធ្វើសកម្មភាពគាស់បន្ទប់ ទើបម្ចាស់ផ្ទះរាយការណ៍ ទៅសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗតែម្តង ខណៈជនសង្ស័យទើបតែលួចបានទូរស័ព្ទ២គ្រឿងតែប៉ុណ្ណោះ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានយកទៅធ្វើការសាកសួនៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕