(ភ្នំពេញ)៖ នៅថ្ងៃ​ទី​២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ស្អែកនេះ ​យុវជន​ដែលអំពាវនាវធ្វើបដិវត្តពណ៌ឈ្មោះ គង់​ រ៉ៃយ៉ា​ ហៅ​ Soriya KoKo​ នឹងត្រូវចេញពីពន្ធនាគាវិញហើយ បន្ទាប់ពីអនុវត្តទោសរួចរាល់។

យុវជន​ឈ្មោះ​ គង់ រ៉ៃយ៉ា ត្រូវ​បាន​​តុលាការ​​ក្រុងភ្នំពេញសម្រេចឃុំ​ខ្លួន ​ដាក់​ពន្ធនាគារ​ព្រៃស កាលពី​ថ្ងៃទី​២២​ ខែ​សីហា​ឆ្នាំ២០១៥​ ក្រោម​ការ​ចោទ​ប្រកាន់ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជាអាទិ៍។ ​រូបគេត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ១៨ខែ។

មូលហេតុដែលសមត្ថកិច្ចឃាត់ខ្លួន ហើយឈានទៅដល់ការកាត់ទោសនេះ ដោយសារតែយុវជន គង់ រ៉ៃយ៉ា បានអំពាវនាវលើបណ្តាញសង្គម កាលពីដើមខែសីហា ឆ្នាំ២០១៥ ឱ្យប្រជាពលរដ្ឋខ្មែរធ្វើបដិវត្តពណ៌។

យុវជន​​​ គង់​ រ៉ៃយ៉ា​ អាយុ​២៦ឆ្នាំ​ មានរហស្សនាមនៅក្នុងហ្វេសប៊ុក Soriya Koko បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ​facebook យ៉ាងដូច្នេះថា​៖ «​តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌​ដើម្បីផ្លាស់ប្តូររបបមួយ​នេះចេញ​ពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ​»​