(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ជាថ្មីម្តងទៀត បានសរសេររៀបរាប់នូវទុក្ខវេទនា ការឈឺចាប់ខ្លោចផ្សា ព្រាត់ប្រាស់ប្រពន្ធកូន ដោយសារតែសង្គ្រាម នៅក្នុងរបបអាវខ្មៅ ប្រល័យពូជសាសន៍ ប៉ុល ពត ខណៈដែលសស់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ជាខួបលើកទី៣៨ (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០១៧) នៃថ្ងៃដែលសម្តេចតេជោ បានជួបជុំភរិយា និងកូនប្រុសវិញ។  

ក្រៅតែពីការរៀបរាប់ក្តីឈឺចាប់ ទឹកភ្នែកហូររាប់លានដំណក់ ក្នុងសម័យសង្គ្រាមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ ប្រកាសអះអាងការពារសន្តិភាពនៅកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ៖ «ទោះតម្លៃណាក៏ដោយត្រូវ ការពារសន្តិភាពឱ្យបាន​ និងមិនត្រូវអត់ឱនអ្នកណាក៏ដោយ ដែលបំផ្លាញសន្តិភាព​ និងបង្កឱ្យមានចលាចល»

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា៖ «ថ្ងៃ​ ២៤​ កុម្ភៈ ឆ្នាំ​២០១៧​ ខាងមុខនេះ ជាខួបលើកទី៣៨ នៃថ្ងៃដែលខ្ញុំបានជួបភរិយា​ និងកូនខ្ញុំឡើងវិញ បន្ទាប់ពីការបែកគ្នាដោយការឈឺ​ចាប់ជាមួយទឹកភ្នែករាប់លានដំណក់ នាថ្ងៃទី​២០ ​ខែ​មិថុនា​ ​ឆ្នាំ​ ១៩៧៧។​ ជាពេលវេលាដ៏លំបាកក្នុងការសម្រេចចិត្តម្ខាង គឺប្រជាជនរាប់លាននាក់ ដែលត្រូវពួក ប៉ុល ពត កាប់សម្លាប់ ម្ខាងទៀតគឺភរិយាដ៏កំសត់រស់នៅម្នាក់ឯង ជាមួយកូនក្នុងផ្ទៃជាង៥ខែ។ (ខ្ញុំសរសេរផ្សព្វផ្សាយខ្លះរួចមកហើយ) នៅត្រង់វគ្គព្រាត់គ្នានេះ។

ថ្ងៃ​៧ ខែមករា​ ឆ្នាំ​១៩៧៩​ ប្រជាជនស្ទើរទូទាំងប្រទេសប្បាយរីក​រាយ បន្ទាប់ពីបានរំដោះចេញពីរបបប្រល័យពូជសាស្ត្រ ប៉ុល ពត។​ ខ្លួនខ្ញុំពិតមែនតែរីករាយ​ ប៉ុន្តែការគ្មានព័ត៌មានពីភរិយា (នៅរស់ឬស្លាប់) ធ្វើឱ្យខ្ញុំបន្តស្រក់ទឹកភ្នែកមិនឈប់។ ៤៧ថ្ងៃដែលភរិយាខ្ញុំ សម្ងំលាក់ខ្លួន ដើម្បីសុវត្ថិភាពជាពេលវេលាទុក្ខព្រួយរបស់ខ្ញុំ។​ ថ្ងៃ​២៤​ កុម្ភៈ​ ឆ្នាំ​ ១៩៧៩ ​ពេលបានជួបជុំគ្នាឡើងវិញ យើងពិតជាសប្បាយចិត្តខ្លាំងណាស់​ តែមិននឹកស្មានថា​ ម៉ាណែត​ ដែលមិនស្គាល់ឪពុករារាំងខ្ញុំ​ និងភរិយាខ្ញុំ មិនឱ្យនៅក្បែរគ្នា រហូតដល់២ខែទៀត។

ខ្ញុំពិតជាតក់ស្លុតនៅពេល ម៉ាណែត ហៅខ្ញុំថា ពូ​ និងបណ្តេញខ្ញុំចេញពីម្តាយគេរយៈពេល២ខែ។​ រៀងរាល់យប់ខ្ញុំត្រូវរង់ចាំ​ ម៉ាណែត​ គេងលក់សិនទើបហ៊ាន ទៅសំរាកជាមួយម្តាយគេ។

នេះហើយជារសជាតិនៃការនិរាសព្រាត់ប្រាស់ ដោយសារសង្គ្រាម។​ រឿងរបស់ខ្ញុំគឺជារឿងតូចមួយ ក្នុងចំណោមរឿង​ដែលបានកើតឡើង សំរាប់ប្រជាជនកម្ពុជា នាដំណាក់កាលសង្គ្រាម​ និងរបប ប៉ុល ពត។​ ទោះពេលវេលាបានកន្លងហួសរាប់សិបឆ្នាំហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងកូនទី១ស្លាប់​ និងការបែកគ្នារហូតកូន មិនស្គាល់ឪពុកទឹកភ្នែកខ្ញុំ នៅតែបន្តហូរមកដោយមិនដឹងខ្លួន។ ដោយតម្លៃណាក៏ដោយត្រូវ ការពារសន្តិភាពឱ្យបាន​ និងមិនត្រូវអត់ឲ្យឲ្យអ្នកណាក៏ដោយ ដែលបំផ្លាញសន្តិភាព​ និងបង្កឱ្យមានចលាចល»៕