(ភ្នំពេញ)៖ ជំងឺមហារីករោគស្ត្រី ជំងឺមហារីមាត់ស្បូន រួមទាំងការថែទាំស្រ្តីមានផ្ទៃពោះ សព្វថ្ងៃនេះ កំពុងតែដើរតួជួរមុខគេ នៅកម្ពុជា ដែលក្រសួងសុខាភិបាល កំពុងធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត។

លោក គង់ សន្យា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានដឹងថា នៅក្នុងសិក្ខាសាលាស្តីពី ថ្មីៗលើសពីវេជ្ជសាស្រ្តមូលដ្ឋាន​ទស្សនវិស័យឯកទេសសម្ភព និងវេជ្ជសាស្រ្តនៃការជួសជុល បង្កើតកោសិកាថ្មី ដែលបានរៀបចំឡើង ដោយសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន និងមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

លោកអគ្គនាយករងបានបន្តថា សិក្ខាសាលានេះ ផ្តោតសំខាន់លើការបណ្តុះបណ្តាលពីប្រព័ន្ធគ្រប់គ្រង ព្យាបាលផ្នែកសម្ភព និងរោគស្រ្តី ការថែទាំសម្រាប់ស្រ្តីមានផ្ទៃពោះ ចាប់តាំងពេលមុនបង្កកំណើត និងក្រោយពេលប្រសូតបុត្រ រួមបន្តមើលថែទាំការលូតលាស់របស់ទារក រហូតដល់ធំពេញវ័យ។

ការព្យាបាលជំងឺមហារីករោគស្រ្តី ដែលជាបទពិសោធន៍ថ្មីបន្ថែមទៀត សម្រាប់មន្ទីរពេទ្យ និងក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ ជប៉ុន-កម្ពុជា ពិសេសជាអត្ថប្រយោជន៍ដ៏ធំធេង សម្រាប់អ្នកជំងឺដែលមកទទួលយកសេវាថែទាំព្យាបាល ទាក់ទងនឹងជំនាញនេះ។

លោកបន្តថា ប្រធានបទនៃសិក្ខាសាលានេះ ត្រូវបានជ្រើសរើសដែលស្របគ្នាទៅនឹងការយកចិត្តទុកដាក់ នៃការថែទាំសុខភាព នាពេលបច្ចុប្បន្ន ដែលប្រទេសទាំងពីរ កំពុងប្រឈមមុខនឹងការការពារ ការត្រួតពិនិត្យ និងការព្យាបាលជំងឺ ដោយកម្រិតបច្ចេកទេសជំនាញ កាន់តែទំនើបឈានមុខ ក្នុងប្រព័ន្ធនៃការគ្រប់គ្រង ព្យាបាលផ្នែកសម្ភព និងរោគស្រ្តី។ ដោយសារតែវិទ្យាសាស្រ្តកាន់តែរីកចម្រើន ការផលិតឧបករណ៍កាន់ទំនើប ដែលទាមទារឲ្យវេជ្ជបណ្ឌិតទាំងឡាយ ត្រូវអភិវឌ្ឍន៍បន្ថែមទាំងចំណេះដឹង និងបច្ចេកទេសវិទ្យាថ្មី ដើម្បីដើរទាន់ការរីកចម្រើន។

លោក គង់ សន្យា បានបញ្ជាក់ថា តួនាទីជាវេទិការគំរូ សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលនឹងនាំឲ្យមានការកែលម្អ ក្នុងប្រព័ន្ធគ្រប់គ្រង ការព្យាបាលជំងឺមហារីក រោគស្រ្តី ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក្នុងចំណោមគ្រូពេទ្យឯកទេសកម្ពុជា និងជប៉ុន ដែលមានតម្លៃធំធេង ជួយដល់វិស័យសុខមាលភាព នៅកម្ពុជា ពិសេសជួយដល់វេជ្ជបណ្ឌិតឯកទេស កាន់តែមានជំនឿជាក់ ក្នុងការពិនិត្យព្យាបាលជំងឺ ប្រកបដោយគុណភាពខ្ពស់៕