(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០១៧ គណបក្សនយោបាយ ដែលបានចុះបញ្ជី នៅក្រសួងមហាផ្ទៃ មានចំនួន៤៥គណបក្ស ក្នុងនោះមាន ១២គណបក្ស កំពុងជាប់បណ្ដឹងនៅតុលាការ ហើយក៏អាចគ្មានសិទ្ធិឈរឈ្មោះលើសង្វៀន បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះដែរ។

តាមលិខិតរបស់ គ.ជ.ប បានបញ្ជាក់ថា គណបក្សនយោបាយទាំង១២ ដែលជាប់បណ្ដឹងនៅតុលាការនោះ រួមមាន៖ គណបក្សខ្មែរជាតិនិយម, គណបក្សកម្ពុជាសេរីឯករាជ្យ, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សនាងនាគនារីខ្មែរ, គណបក្សប្រជាជាតិខ្មែរ, គណបក្សពលរដ្ឋខ្មែរ, គណបក្សពន្លឺសេរីភាព, គណបក្សសង្គមខ្មែរនិយម, គណបក្សសេរីបង្រួបបង្រួមជាតិ, គណបក្សសង្គមថ្មី និងគណបក្សស្រ្តីសង្គ្រោះកម្ពុជា។

បើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ប្រសិនបើ ច្បាប់ស្ដីពី គណបក្សនយោបាយ ដែលកំពុងដំណើរការវិសោធនកម្ម ហើយត្រូវបានរដ្ឋសភាអនុម័តរួចរាល់ កាលពីព្រឹកម៉ិញនេះ ហាមឃាត់មិនឲ្យមេដឹកនាំគណបក្សនយោបាយ ដែលជាប់បណ្ដឹងនៅតុលាការ ឬជាប់ទោសទណ្ឌណាមួយនោះ, «គណបក្សទាំងនោះ មិនអាចឈរឈ្មោះបោះឆ្នោតបានដែរ»

លោកអ្នកនាំពាក្យបានបន្ថែមថា គ.ជ.ប បានទទួលព័ត៌មានពី ក្រសួងមហាផ្ទៃមកថា មានគណបក្សនយោបាយ បានទៅចុះបញ្ជីថ្មីចំនួន ២៦គណបក្សទៀត សរុបគណបក្សដែលបានចុះបញ្ជីរួចរាល់នោះ មានចំនួន៧១គណបក្ស។  

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ កន្លងទៅ បានស្នើឱ្យកំណត់លក្ខខណ្ឌ​តឹងរឹង​ជាងមុន សម្រាប់ច្បាប់ស្តីពី ​គណបក្សនយោបាយ​ ពោលមិនអនុញ្ញាតឲ្យអ្នកមានទោស ឬជាទណ្ឌិត ធ្វើជាប្រធាន ឬអនុប្រធានបក្សនយោបាយឡើយ ហើយបើទោសធ្ងន់ធ្ងរ​ទៀតនោះ អាច​ឈានដល់​ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំ​បក្ស មិនឲ្យ​ធ្វើសកម្មភាពនយោបាយថែមទៀត៕