(ក្រចេះ)៖ នគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយជ្រះ សហការជាមួយនគរបាលស្រុកស្នួល ប្រដេញស្ទាក់ចាប់ខ្លួនជនសង្ស័យបានម្នាក់ភ្លាមៗ ក្នុងចំណោមបក្ខពួក២នាក់ បន្ទាប់ពីពួកគេ បានលួចម៉ូតូឌ្រីមសង់មួយគ្រឿង ដោយម្នាក់ទៀតរត់គេចខ្លួនបាត់។ ករណីអំពើលួចកាច់សោរកម៉ូតូនេះ បានធ្វើឡើង នៅចំណុចស្ពានតេ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ ជីប ជាតិ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកជ្រីវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បន្ទាប់មកកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន រួមទាំងវត្ថុតាងមានម៉ូតូ០១គ្រឿង ម៉ាកឌ្រីមសង់ C125 ឆ្នាំ២០១៤ពណ៌ខ្មៅ គ្មានស្លាកលេខ ជាមធ្យោបាយរបស់ជនមានតម្រុយជិះធ្វើសកម្មភាព និងស្លាកលេខក្រចេះ 1B-7822 ជារបស់ជនរងគ្រោះ។

រីឯម៉ូតូរបស់ជនរងគ្រោះម៉ាកឌ្រីមសង់ C១២៥ ឆ្នាំ២០១៤ពណ៌ខ្មៅស្លាកលេខក្រចេះ 1B-7822 ត្រូវបានបក្សពួកម្នាក់ទៀតឈ្មោះ អោ ប៊ុត ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា បានជិះគេចខ្លួនយកទៅបាត់។

បច្ចុប្បន្ន ជនមានតម្រុយខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញខេត្តបន្តតាមនិតិវិធី៕