(ភ្នំពេញ)៖ មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់ប្រចាំស្ថានទូតថៃ បានថ្លែងអះអាងថា ខ្លួននឹងរៀបចំតាំងពិព័រណ៌ពាណិជ្ជកម្ម ដែលមានឈ្មោះ «ថបថៃប្រេន» ដែលមានរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១ ដល់ទី៥ ខែមីនា ឆ្នាំ២០១៧ នៅកោះពេជ្រ។

អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចំាស្ថានទូតថៃនៅកម្ពុជា លោក ជីរ៉ាវុឍ សុវណ្ណាអាត បានថ្លែងថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មដំបូងនេះ លោកនឹងអញ្ចើញពាណិជ្ជករកម្ពុជា ឱ្យចូលរួមដើម្បីចរចារពាណិជ្ជកម្ម ជាមួយពាណិជ្ជករថៃ ក្នុងន័យស្វែងរកដៃគូពាណិជ្ជកម្មធ្វើការចែកចាយផលិតផល។

លោកបញ្ជាក់ថា ក្រុមហ៊ុនថៃចំនួន២២០ គ្រោងនាំយកផលិតផលដូចជា អាហារ និងភេសជ្ជៈ សំលៀកបំពាក់ និងវាយនភ័ណ្ឌ គ្រឿងសំណង់ គ្រឿងសំអាងនិងទំនិញសុខភាព សម្ភស្ស សម្ភារប្រើប្រាស់ក្នុងផ្ទះ និងផ្ទះបាយ វត្ថុអនុស្សាវរីយ៍ និងតុបតែងផ្ទះ សម្ភារធ្វើពីស្បែកនិងស្បែកជើង សម្ភារអគ្គិសនី និងអេឡិចត្រូនិក គ្រឿងយន្ត និងម៉ូតូ សម្ភារតុបតែងផ្ទះ ទំនិញ OTOP របស់ថៃ ដាក់តំាងលក់និងស្វែងរកដៃគូ ពាណិជ្ជកម្មនៅកម្ពុជា ក្នុងថ្ងៃរៀបចំពិព័រណ៍នោះផងដែរ។

បើតាមលោក ជីរ៉ាវុឍ សុវណ្ណាអាត ពិព័រណ៍ពាណិជ្ជកម្មនេះ មានការលក់រាយរាល់នូវផលិតផលគ្រប់ពេល ប៉ុន្តែការលក់រាយនេះ មិនផ្តោតសំខាន់ទៅលើចំនួនទឹកប្រាក់ ដែលលក់បាននោះទេ គោលបំណងសំខាន់នោះ គឺចង់ឱ្យពាណិជ្ជករកម្ពុជាថៃ មានកិច្ចសហការជាមួយគ្នា ស្គាល់គ្នា ដើម្បីបង្កើតនូវទំនាក់ទំនងល្អ ផ្នែកពាណិជ្ជកម្មនៃប្រទេសទំាងពីរកម្ពុជា-ថៃ។

លោកសង្ឃឹមថា តាមរយៈការរៀបចំពិព័រណ៍ពាណិជ្ជកម្មលើកនេះ នៅថ្ងៃអនាគតយើង នឹងមានការធ្វើពាណិជ្ជកម្មរួមគ្នា រវាងពាណិជ្ជករកម្ពុជា និងពាណិជ្ជករថៃ។

នៅឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជាថៃ មានទឹកប្រាក់ប្រមាណ៥,៦០០លានដុល្លារ ក្នុងនោះប្រទេសថៃ បាននាំទំនិញចូលមកម្ពុជា គិតជាទឹកប្រាក់ប្រហែល ៤,៧០០លានដុល្លារ  ចំណែកទំនិញកម្ពុជានាំចេញ ទៅប្រទេសថៃ មានទឹកប្រាក់៩៣៦លានដុល្លារ៕