(បន្ទាយមានជ័យ)៖ នៅកណ្ដាលក្រុងប៉ោយប៉ែតនាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មានហេតុការណ៍ផ្ទុះការតវ៉ាមួយ រវាងក្រុមអ្នកបើករថយន្តដឹកដី ជាមួយក្រុមមន្រ្តី នៃក្រសួងសាធារណការ និងដឹកជញ្ជូន ឈានទៅដល់ការបិទផ្លូវជាតិលេខ៥ តែត្រូវបានលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ដឹកនាំអាជ្ញាធរក្រុងចុះសម្រុះសម្រួលភ្លាមៗដែរ។

ក្រុមអ្នកបើករថយន្តទាំងនោះ មានរថយន្តចំនួន៧គ្រឿង បានប្រតិកម្មយ៉ាងខ្លាំង ជាមួយក្រុមគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ នៃក្រសួងសាធារណការ សហការជាមួយស្ថានីយ៍ជញ្ជីងអចល័តកូនដំរី ដែលបង្ខំឲ្យក្រុមអ្នកបើករថយន្ត បង់ថ្លៃផាកពិន័យក្នុងមួយរថយន្តតម្លៃ ៣លានរៀល ទៅ៤លានរៀល ដោយមន្រ្តីសាធារណការប្រាប់ថា លើសទម្ងន់ក្នុងមួយរថយន្តលើសពី១០តោន ទៅ១៥តោន (ទម្ងន់ធម្មតាមិនឲ្យលើស ៥តោន)។

ក្រុមអ្នកបើករថយន្តដឹកដី បានឲ្យដឹងថា កាលពីថ្ងៃចាប់រថយន្តនោះ គឺត្រូវក្រុមមន្ត្រីជំនាញបង្ខំឲ្យចូលថ្លឹងរថយន្ត ខណៈពេលពួកគាត់ដឹកដីពេញទ្រុងរថយន្ត បានចូលទៅថ្លឹងជញ្ជីងចល័ត ហើយមន្រ្តីជំនាញប្រាប់ថា រថយន្តដឹកលើសទម្ងន់ និងត្រូវបានផាកពិន័យ ៣លានរៀល រថយន្តខ្លះផាកពិន័យ ៤លានរៀល តែមិនបានប្រាប់បញ្ជាក់ថា លើសទម្ងន់ប៉ុន្មានទេ និងគ្មានវិក័យបត្រទៀត។

ក្រុមអ្នកបើករថយន្តដឹកដី បានអង្វរដល់មន្ត្រីជំនាញខាងលើថា «បងៗជួយបន្ធូរបន្ថយផង ព្រោះដឹកដីមួយឡានចំណាញតែ ២ម៉ឺនរៀល ទៅ៣ម៉ឺនរៀលទេ បើបងយកថ្លៃហ្ចឹង មានលុយណាយកមកបង់ថ្លៃផាកពិន័យទៅ»។ មន្ត្រីជំនាញបានឆ្លើយថា «ក្រុមពួកខ្ញុំទំរាំតែមកដល់ក្រុងប៉ោយប៉ែតនេះ គឺត្រូវចំណាយលុយអស់៥ពាន់ដុល្លា ទៅ៦ពាន់ដុល្លារ ដឹងអត់?»

អាជ្ញាធរក្រុង បានចេញមុខសម្របសម្រួល ជាមួយក្រុមអ្នកបើករថយន្តដឹកដី អស់ជាច្រើនម៉ោង រហូតបានការចចាររវាង លោក ង៉ោ ម៉េងជ្រួន និងមន្ត្រីជំនាញតាមរយៈទូរស័ព្ទ អស់រយៈពេលជាង១ម៉ោង ក្រុមរថយន្តដឹកដី បានសុំទៅមន្ត្រីជំនាញធ្វើការថ្លឹងសារជាថ្មី នៅកន្លែងជញ្ជីងថ្លឹងរថយន្តកូនដីរី មន្ត្រីជំនាញក៏ឯកភាពអនុញ្ញាតឲ្យរថយន្តថ្លឹងម្តងទៀត បាននៅជញ្ជីងកូនដំរី ស្រាប់តែមិនបានប៉ុន្មាននាទីផង ខាងមន្ត្រីជំនាញបានខលមកវិញថា បដិសេធមិនអនុញ្ញាត្យថ្លឹងសារជាថ្មីជាដាច់ខាត់។

បន្ទាប់មក ក្រុមអ្នកបើករថយន្តដឹងដី បានឯកភាពបង់លុយថ្លៃផាកពិន័យ តាមតម្រូវរបស់មន្ត្រីជំនាញទាំងអស់ តែពួកគាត់បានបើករថយន្តទៅថ្លឹងជញ្ជីងឯកជនវិញ ព្រោះចង់ផ្ទៀងផ្ទាត់ថា «តើជញ្ជីងឯកជន និងជញ្ជីងរបស់រដ្ឋមួយណាត្រឹមត្រូវជាង»