(សៀមរាប)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង៩៖២០នាទីយប់ថ្ងៃសៅរ៍នេះ ការបញ្ចាំងខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ដែលផលិតដោយលោកស្រី Angelina Jolie នៅខេត្តសៀមរាប ត្រូវបានបញ្ចប់ហើយ, ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ បានយាងត្រឡប់ទៅកាន់ព្រះរាជដំណាក់នៅក្រុងសៀមរាបវិញហើយ។

Facebook ផ្លូវការរបស់កំពូលតារាហូលីវូដ Angelina Jolie បានបញ្ជាក់​ពីកាលបរិច្ឆេទ​ នៃការបញ្ចាំងភាពយន្តរឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ»៖ លើក​ទី១ នៅខេត្តសៀមរាប ចាប់ពីម៉ោង៦ល្ងាច នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ ការដាក់បញ្ចាំងលើកទី២ មានពីរទីតាំងដែរ ក្នុងនោះទីតាំងទី១ គឺនៅ Indoor Arena និងនៅ​ពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៦ល្ងាច នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយមានការអញ្ជើញចូលរួម​ពីសំណាក់មហាជន និងតារាសម្ដែងខ្មែរ​ក្នុងរឿងនេះ ដែលត្រូវ​បាននាង Angelina Jolie អញ្ជើញដោយផ្ទាល់។ ការដាក់បញ្ចាំងលើកទី៣ គឺនៅក្នុងខេត្ត​បាត់ដំបង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ៕