(ភ្នំពេញ)៖ ស្ត្រីម្នាក់ បើករថយន្តចេញពីហូបការ ក្នុងគោលបំណងមកផ្ទះ តែមិនទាន់មកដល់ផង ក៏បើកទៅបុកចូល​ផ្ទះលក់ឥវ៉ាន់ចាប់ហួយ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួនធំ តែមិនបណ្តាលឲ្យម្ចាស់រថយន្ត រួមជាមួយម្ចាស់ផ្ទះ​រងរបួសនោះទេ ដែលហេតុកាណ៍នេះ បានកើតឡើងនាម៉ោងជាង៨យប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយ​ផ្លូវវែងស្រេង ជិតប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ម្ចាស់ផ្ទះដែលត្រូវបានស្ត្រីខាងលើ បើករថយន្តបុកបានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់កំពុងតែលក់ដូរ ដូចរាល់ថ្ងៃស្រាប់តែ​មានរថយន្តម៉ាក Camry បាឡែន មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AG-8653 ដែលបើកដោយស្ត្រីម្នាក់ បានបើកបុកចូលមកផ្ទះរបស់គាត់ទាំងកំរោលតែម្តង តែដោយសារគាត់ឃើញទាន់ ក៏រត់ចេញទាន់ ខូចត្រឹមតែសម្ភារៈលក់ដូរ ជាច្រើនមុខតែប៉ុណ្ណោះ។

ម្ចាស់ផ្ទះបានបន្តទៀតថា ដោយសារការបុកមានទំហំខូចខាតច្រើន តែម្ចាស់រថយន្តសងតិចតួច មិនត្រូវគ្នាទើបគាត់ហៅ សមត្ថកិច្ចមក​វាស់វែង និងស្ទួចយករថយន្ត រួមជាមួយអ្នកជាបើកបរនោះ ទៅនគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕