(សៀមរាប)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង១៨៖២០នាទីល្ងាចថ្ងៃសៅរ៍នេះ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ បានយាងដល់ព្រះទីលានជល់ដំរី ដើម្បីសម្ពោធការចាក់បញ្ចាំងភាពយន្ត «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ដែលផលិតដោយលោកស្រី Angelina Jolie នៅខេត្តសៀមរាប។ ខ្សែភាពយន្តនេះ និយាយអំពីរឿងរ៉ាវមួយចំនួនពាក់ព័ន្ធសម័យខ្មែរក្រហម។

នៅក្នុងកម្មវិធីចាក់បញ្ចាំងខ្សែភាពយន្តនេះ​ ក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្តសៀមរាប, រដ្ឋមន្រ្តីមួយចំនួន ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ 

ខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលរំឭកអំពីប្រវត្តិដ៏ជូរចត់នៃរបបវាលពិឃាតដឹកនាំ ផលិតដោយលោកស្រី Angelina Jolie ជាតារានិងជាផលិតករដ៏ល្បីរបស់ Hollywood នឹងត្រូវចាក់បញ្ចាំងជាលើកដំបូងបង្អស់​នៅលើវាលស្មៅ​ នៃព្រះលានជល់ដំរី ខេត្តសៀមរាប រយៈពេល២ថ្ងៃ នាល្ងាចថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧។

ខ្សែភាពយន្តនេះ ត្រូវបានថតនៅក្នុងទីតាំងសំខាន់ៗជាប្រវត្តិសាស្ត្រចំនួន២គឺ ខេត្តសៀមរាប និងខេត្តបាត់ដំបង ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ក៏ជាផ្នែកមួយដ៏សំខាន់​ដែលខ្សែភាពយន្តបានផ្តិត​យកទិដ្ឋភាពជាប្រវត្តិសាស្ត្រមួយចំនួនធំ។ ដូចនេះហើយបានជាផលិតករភាពយន្ត សម្រេចចិត្តជ្រើសរើសយក​រមណីយដ្ឋាន​អង្គរជាទីតាំងចាក់បញ្ចាំងមុនដំបូងបំផុត ដែលជាពិធីសម្ពោធផ្លូវការមុន នឹងខ្សែភាពយន្តនេះចាក់បញ្ចាំង នៅរោងភាព​យន្តផ្សេងៗទៀត។

Facebook ផ្លូវការរបស់កំពូលតារាហូលីវូដ Angelina Jolie បានបញ្ជាក់​ពីកាលបរិច្ឆេទ​ នៃការបញ្ចាំងភាពយន្តរឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ»៖ ការដាក់បញ្ចាំង​លើក​ទី១ នៅខេត្តសៀមរាប ទឹកដីអង្គរ ចាប់ពីម៉ោង៦ល្ងាច នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ ការដាក់បញ្ចាំងលើកទី២ មានពីរទីតាំងដែរ ក្នុងនោះទីតាំងទី១ គឺនៅ Indoor Arena និងនៅ​ពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៦ល្ងាច នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់មហាជន និងតារាសម្ដែងខ្មែរ​ក្នុងរឿងនេះ ដែលត្រូវ​បាននាង Angelina Jolie អញ្ជើញដោយផ្ទាល់។ ការដាក់បញ្ចាំងលើកទី៣ គឺនៅក្នុងខេត្ត​បាត់ដំបង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ៕