(ភ្នំពេញ)៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានកិត្តិយសក្នុងការទទួលបាន ការអញ្ជើញមកទស្សនាការបើកក្លឹបការ៉ាតេដូ ពីសំណាក់លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ គាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើម របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា នៅកម្ពុជា។

 លោកបណ្ឌិត ហង់ ជួនណារ៉ុន ដែលទទួលបានខ្សែក្រវ៉ាត់ខ្មៅ ខាងផ្នែកការ៉ាតេដូនេះដែរ បានលើកទឹកចិត្តសិស្សានុសិស្ស ឱ្យចូលរួមឱ្យបានច្រើន ក្នុងក្លឹបការ៉ាតេដូ ព្រោះកីឡានេះ គឺល្អសម្រាប់សុខភាពរាង្គកាយ ក៏ដូចជាសុខភាពផ្លូវចិត្ត ព្រមទាំងអាចជម្រុញឱ្យសិស្ស ទទួលបានលទ្ធផលសិក្សា ប្រសើរឡើងផងដែរ តាមរយៈការផ្តោតការយកចិត្តដាក់ខ្ពស់ ដែលតម្រូវឱ្យមានក្នុងកីឡាប្រភេទនេះ។

 នៅក្នុងឱកាសដ៏មានអត្ថន័យនេះផងដែរ ក៏មានការចូលរួមពីសំណាក់លោកឧកញ៉ាបណ្ឌិត ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ លោក ឥន្រ្ទី ស្រ្ទូវ៉េ នាយកប្រតិបត្តិសាលា លោកស្រី អាម៉ាន់ដា ម៉ាទីន នាយកកម្រិតវិទ្យាល័យ លោក ហ្វីលីព ម៉ាស្កុត អ្នកសម្របសម្រួលកម្មវិធីសិក្សា និងការបណ្តុះបណ្តាល លោក ជា ម៉េង ប្រធានផ្នែកកម្មវិធីចំណេះទូទៅភាសាខ្មែរ និងលោកគ្រូការ៉ាតេដូ ឡាច ចាន់សុវណ្ណ។

សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ផ្តល់ជូនកម្មវិធីហាត់ការ៉ាតេដូចំពោះសិស្សពីថ្នាក់ទី ៦ ដល់ទី ១២៕