(កណ្ដាល)៖ ភរិយារបស់លោកឧកញ៉ា ថោង សារ៉ាត់ លោកស្រី ទាវ ធីតា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បាននាំ​យក​អំណោយ ជាគ្រឿងឧបភោគ-បរិភោគ ជូនដល់លោកយាយ​ចាស់ជរាម្នាក់ មានជីវភាពខ្វះខាត ដែលមានអាយុ៩៤ ឆ្នាំ កំពុងរ​ស់នៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

អំណោយមនុស្សធម៌​របស់លោកស្រី ទាវ ធីតា ដែលត្រូវយកទៅចែកជូនលោកយាយ សួន សុខ នៅព្រឹកមិញនេះ រួមមានអង្ករ​៦០គីឡូក្រាម, មី១កេស,មុង១, កន្ទេល១,ភួយ១, ស្ករសរ១គីឡូ, អំបិល១គីឡូ, ឆៃប៉ូវ១គីឡូ ,ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា៥០ ម៉ឺនរៀល។​

លោកស្រី ទាវ ធីតា បានថ្លែងថា ដោយមើលឃើញពីភាពលំបាកវេទនា ក្រខ្សត់ របស់លោកយាយ ទើបលោកស្រីសម្រេចចិត្ត​ពាំនាំអំណោយទាំងនេះ ចែកជូនដល់លោកយាយ ដើម្បីដោះស្រាយការលំបាកបានមួយគ្រា។ ទោះបីជាអំណោយទាំងនេះ មានលក្ខណៈតិចតួចស្ដួចស្ដើងក្ដី ប៉ុន្តែក៏អាចជួយរំលែកការលំបាក របស់លោកយាយបានមួយកម្រិត ហើយនេះបាន​បញ្ជាក់ឲ្យឃើញពីវប្បធម៌ ជួយគ្នាទៅវិញទៅមក របស់សង្គមខ្មែរយើងផងដែរ។

ជាមួយគ្នានេះ លោកស្រី ទាវ ធីតា ក៏បានបន្តចែកជូនអំណោយ​បន្ថែម ដល់លោក ជា ជូរ ដែលជាជនពិការជើង​ទាំងសងខាង ដោយសារតែជំងឺលើសឈាម មានទីលំនៅរស់នៅផ្ទះក្បែរគ្នា​ បន្ទាប់ពីមានការខ្វះខាតខ្លាំង ហើយអំណោយទាំងនោះ គឺបានទទួលដូចទៅនឹងលោកយាយ សួន សុខ ដែរ។

យ៉ាងណាមិញ លោកយាយ សួន សុខ ក៏បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ ដល់លោកស្រី ដែលបានបង្ហាញពីទឹក​ចិត្ត​សប្បុរស​ធម៌ ជួយដល់ចាស់ជរា គ្មានទីពឹង ដូចជារូបលោកយាយ និង​សូមជូនពរឲ្យលោកស្រី និងក្រុមគ្រួសារជួបប្រទះ​តែសេចក្ដីសុខ គ្រប់ប្រការ៕