(បន្ទាយមានជ័យ)៖ ក្មេងប្រុស២នាក់ បានបោកប្រាស់ឪពុកម្ដាយ និងសមត្ថកិច្ចថា ប្អូនគេត្រូវបានជនសង្ស័យមួយក្រុម​មានគ្នា៥នាក់ ចាប់ដាក់ចូលក្នុងឡានយកទៅបាត់ ប៉ុន្ដែការពិតប្អូនរបស់ខ្លួនលង់ទឹកស្លាប់សោះ ដោយមូលហេតុខ្លាច​ឪពុកម្ដាយវាយ។

ជាក់ស្ដែង នៅព្រឹកថ្ងៃ​ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បាន​ដឹកនាំកម្លាំងអធិការ​នគរបាលក្រុង និងកម្លាំងកងរាជអាវុធហត្ថក្រុង អាជ្ញាធរសង្កាត់ភូមិ ​ធ្វើការស្រាវជ្រាវដោយយកចិត្តទុក្ខដាក់ លើករណីនេះ​ទើបក្មេងទាំង២នាក់ សារភាពថា ប្អូនគេ​បានលង់ទឹកស្លាប់ ហើយខណៈពេលនេះ សាកសពរកមិនទាន់ឃើញនៅឡើយទេ។

សមត្ថកិច្ចបានឲ្យដឹងថា តាមចម្លើយសារភាពរបស់ក្មេងប្រុសនេះ គឺមុនដំបូងពួកគេបាននាំគ្នាទៅហែលលែងទឹក ​ពេលចុះងូត​ទឹក​​បងប្រុសបង្កើត របស់ក្មេងប្រុសដែលបាត់ខ្លួន បានលង់ទឹកហើយប្អូនប្រុសរងគ្រោះ បានលោតចុះទៅជួយទាញ តែត្រូវរអិលជើងលង់ទឹកលិចបាត់ទៅ រំពេចនោះក្មេងប្រុសទាំងអស់នោះ បានបោះទុយោទឹកជួយបានតែបងប្រុស​ប៉ុណ្ណោះ ហើយក្មេងរងគ្រោះជួយមិនទាន់។

ក្រោយជួយរួច បងប្រុសក្មេងប្រុសរងគ្រោះ ដោយខ្លាចម្តាយឪពុករឿងប្អូនលង់ទឹក ក៏បានរៀបចំពាក្យកុហកឪពុកម្តាយខ្លួនថា មានគេចាប់ប្អូន។

ខណៈនេះសមត្ថកិច្ច​កំពុងដុតដៃដុតជើង ចុះរាវរកសាកសពក្មេងដែលបាត់ខ្លួន នៅក្នុងទឹករណ្តៅដី ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារ​កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយមកទល់ម៉ោង២រសៀលថ្ងៃទី១៨ ខែកុម្ភៈ​នេះ មិនទាន់​រកសាកសព​ក្មេងប្រុសខាងលើ​ឃើញនៅឡើយទេ៕