(សៀមរាប)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅវេលាម៉ោង០៧៖០០ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ស្អែក​នេះ នឹងរៀបចំពិធីក្រុងពាលីបើកការដ្ឋាន នៃព្រឹត្តការណ៍អង្គរ សង្គ្រាន្តឆ្នាំ២០១៧ ដែលធ្វើឡើងនៅបរិវេណទីលានជល់ដំរី ខេត្តសៀមរាប។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស.ស.យ.ក នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

សូមជម្រាបថា ពិធីនេះធ្វើឡើង ក្នុងគោលបំណងបួងសួងម្ចាស់ទឹកម្ចាស់ដី ទសបារមី ដើម្បីសេចក្ដីសុខ សម្រាប់ពិធីព្រឹត្តិការណ៍​អង្គរសង្រ្កាន្តឆ្នាំ២០១៧ខាងមុខនេះ ដោយពិធីបួងសួងនេះរួមមាន៖ ពិធីថ្វាយគ្រឿងសក្ការៈ​ទិសដៅទាំង១០ ពិធីថ្វាយគ្រឿង​សក្ការៈទិសធំ ពិធីប្រកាសឧទ្ទិសបួងសួង និងពិធីប្រគុំតន្រ្តីថ្វាយទសបារមី៕