(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស​ប្រជាជនកម្ពុជា បានកត់សម្គាល់ថា រហូតដល់បច្ចុប្បន្ននេះ​មានមនុស្ស​ប្រមាណ៧នាក់ បានល្បីល្បាញយ៉ាងខ្លាំង ដោយសារតែវាយប្រហារលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ក៏ប៉ុន្តែក្នុងនោះក៏មានអ្នកខ្លះត្រូវជាប់ពន្ធនាគារ ដោយសារតែការចង់ល្បីល្បាញនេះផងដែរ។

លោក សុខ ឥសាន បានអះអាងយ៉ាងដូច្នេះថា «នៅកម្ពុជាមានទម្លាប់អាក្រក់មួយ គឺបើមិនចេះ ជេរ មិនចេះលាបព៌ណ មិនចេះ​មួលបង្កាច់ បរិហារកេរ្តិ៍ មិនចេះដៀលប្រមាថរាជរដ្ឋាភិបាល នោះគេពិតជាមិនបានល្បីឈ្មោះទេ។ ដូច្នេះចាំបាច់​ត្រូវតែបង្ខំចិត្ត​ធ្វើអ្វីជាអវិជ្ជមាន ស ថា ខ្មៅ, ត្រូវ ថា ខុស, ល្អ ថា អាក្រក់, គ្មាន ថាមាន នោះទើបបានល្បី ហើយចង់ល្បីមែនទែន ធ្វើឲ្យបានជាប់គុកទៀត កាន់តែបានល្បីដូចសេចក្តីប្រាថ្នាមែន»

លោក សុខ ឥសាន បានបញ្ជាក់ថា មនុស្ស៧នាក់ដែលល្បីដោយសារវាយប្រហារលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋា​ភិបាលនោះ រួមមាន៖ ទី១. លោក សម រង្សី ល្បីខាងចោទគណបក្សប្រជាជនធ្វើបាប មិននិយាយដល់ សម រង្សី ល្មើសច្បាប់​ផ្សេងៗច្រើនដងទេ។ ទី២៖ លោក ហុង សុខហួរ ល្បីខាងនិយាយមួលកាច់ថា គណបក្សប្រជាជនកម្ពុជា ចុះហត្ថលេខាលុប​ខ្សែរព្រំដែនកម្ពុជា-វៀតណាម។ ទី៣៖ អ៊ុំ សំអាន ល្បីខាងមួលកាច់ថា រាជរដ្ឋាភិបាលប្រីប្រាស់​ផែនទីក្លែងក្លាយ។ ទី៤៖ លោកស្រី ថាក់ ទ្បានី ល្បីខាងនិយាយមួលកាច់ថា សម្តេចតេជោ ហ៊ុន សែន សម្លាប់បណ្ឌិតកែមទ្បី គ្មានមូលដ្ឋាន។ ទី៥៖ លោក អ៊ូ វីរៈ ល្បីខាងវិភាគលំអៀងថា គណបក្សប្រជាជនកម្ពុជា រៀបឆាកឲ្យ លោក កឹម សុខា មានរឿងអាស្រូវផ្លូវភេទ។ ទី៦៖ លោក គឹម សុខ ចាប់ល្បីដោយសារនិយាយមួលកាច់ថា គណបក្សប្រជាជនកម្ពុជា សម្លាប់លោក កែម ទ្បី និងបង្កើតប្រព័ន្ធ​សម្លាប់មនុស្ស និង ទី៧៖ លោក ប្រែត អាដាំ ល្បីពីរឿងមួលកាច់កម្ពុជា ខុសការពិតថារំលោភសិទ្ធិមនុស្សជាដើម។ ក្រៅពីនោះ ក៏មានអង្គការមួយចំនួន ល្បីល្បាញដោយវិធីនេះផងដែរ។

លោក សុខ ឥសាន បានបញ្ជាក់ថា «ដោយសារមហិច្ឆតាចង់ល្បីនេះហើយបានជាអ្នកនយោបាយ អ្នកវិភាគមិនឯករាជ្យ​មួយចំនួន បាននិងកំពុងខិតខំណាស់ ពីការរំលោភច្បា ប់និងសិទ្ធិបញ្ចេញមតិហួសពីព្រំដែនកំណត់ ធ្វើយ៉ាងណា​ឲ្យរាជ​រដ្ឋាភិបាលចាប់ថ្នាក់ ដាក់ពាក្យប្តឹង និង ត្រូវតុលាការចាប់ដាក់គុកទើប ពួកគេពេញចិត្ត ដើម្បីគេមានឱកាសចោទ​ប្រកាន់មក​លើប្រមុខរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ថាជាអ្នករំលោភច្បាប់ រំលោភសិទ្ធិនៃការបញ្ចេញ មតិទៅវិញ ជាពិសេស​នៅជិតដល់ពេលបោះឆ្នោតគេប្រើឧបាយកលនេះ ដើម្បីឃោសនាទម្លាក់ប្រជាប្រិយ​ភាព​របស់គណបក្ស​ប្រជាជនកម្ពុជា និងលើកកម្ពស់បក្សប្រឆាំងឲ្យឈ្នះឆ្នោត តាមការចង់បានរបស់គេ។ ពួកគេព្យាយាម​ប្រែក្លាយ ពួកគេដែល​ជាអ្នកបង្ករឿងឲ្យទៅជាជនរងគ្រោះ ហើយប្រមុខរាជរដ្ឋាភិបាល​និងគណបក្សប្រជសជនកម្ពុជា ដែលជាជនរងគ្រោះឲ្យប្រែ​ទៅជាអ្នកបង្កហេតុ ប្រព្រឹត្តរំលោភទៅលើពួកគេវិញ បោកបញ្ឆោត​សាធារណៈមតិឲ្យ​យល់ច្រទ្បំ ខឹងសម្បារនិងមិនបោះឆ្នោត​គាំទ្រដូចមុនទៀត»