(ភ្នំពេញ)៖ កំពូលតារាសម្ដែងហូលីវូដ ​និងជាអ្នកដឹកនាំ​រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» លោកស្រី Angelina Jolie បានបង្ហាញពីកាលបរិច្ឆេទបញ្ចាំងរឿង «មុនដំបូងខ្មែរក្រហម​​សម្លាប់ប៉ារបស់ខ្ញុំ» ដែលជាខ្សែភាពយន្ត​​បែបប្រវត្តិសាស្ត្រ ​រំឭកអំពីប្រវត្តិ​ដ៏ជូរចត់​ នៃ​របបវាលពិឃាត នៅក្នុងប្រទេស​កម្ពុជា ខណៈដែលការដាក់បញ្ចាំងនោះ មានចំនួន៤លើក ស្របពេលដែលមហាជន ក៏កំពុងទន្ទឹងរង់ចាំមើល​យ៉ាងអន្ទះសារ។

យោងតាម Facebook ផ្លូវការរបស់ កំពូលតារាហូលីវូដ Angelina Jolie បានបញ្ជាក់​ពីកាលបរិច្ឆេទ​ នៃការបញ្ចាំងភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ថា ការដាក់បញ្ចាំង​លើក​ទី១ គឺនៅលើវាលស្មៅ​​ នៃព្រះលានជល់ដំរី និងមុខប្រាសាទ​អង្គរធំ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ទឹកដីអង្គរ ចាប់ពីម៉ោង៦ល្ងាច នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ក្រោមព្រះរាជធិបតីភាព​​ដ៏ខ្ពង់ខ្ពស់​បំផុត នៃព្រះករុណា ព្រះបាទ​សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ។

ការដាក់បញ្ចាំងលើកទី២ ក៏មានពីរទីតាំងដែរ ក្នុងនោះទីតាំងទី១ គឺនៅ Indoor Arena និងនៅ​ពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៦ល្ងាច នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់មហាជន និងតារាសម្ដែងខ្មែរ​ក្នុងរឿងនេះ ដែលត្រូវ​បាននាង Angelina Jolie អញ្ជើញដោយផ្ទាល់។

ចំណែកការដាក់បញ្ចាំងលើកទី៣ គឺនៅក្នុងខេត្ត​បាត់ដំបង ដែលជាទីតាំងថតរឿង «មុនដំបូងខ្មែរក្រហម​សម្លាប់ប៉ារបស់ខ្ញុំ» នេះ​ផ្ទាល់ ដោយបញ្ចាំងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ខណៈលើកទី៤ គឺនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ក៏មានការដាក់បញ្ចាំងម្ដងទៀត ផងដែរ។

សូមបញ្ជាក់ថា ខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហម​សម្លាប់ប៉ារបស់ខ្ញុំ» ត្រូវបានថត​​នៅក្នុងទីតាំងសំខាន់ៗ​​ជាប្រវត្តិសាស្ត្រចំនួន២គឺ ខេត្តសៀមរាប និងខេត្តបាត់ដំបង ជាពិសេស តំបន់រមណីយដ្ឋានអង្គរ ក៏ជាផ្នែកមួយដ៏សំខាន់​ ដែលខ្សែភាពយន្តបានផ្តិត​យកទិដ្ឋភាព ជាប្រវត្តិសាស្ត្រមួយចំនួនធំ។ ដូចនេះហើយ បានជាផលិតករភាពយន្ត សម្រេចចិត្ត ជ្រើសរើសយក​រមណីយដ្ឋាន​អង្គរ ជាទីតាំងចាក់បញ្ចាំងមុនដំបូង​ ដែលជាពិធីសម្ពោធផ្លូវការ មុន​នឹងខ្សែភាពយន្តនេះចាក់បញ្ចាំង នៅរោងភាព​យន្តផ្សេងៗទៀត។

​រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» មានការចូលរួមសម្ដែង ដោយតារាខ្មែរជាច្រើនដួង រួមមាន លោក សុខ សុធន, កញ្ញា សម ថារត្ន ,លោក ផង់ តារា , លោក សាវិន ហ្វីលីព ,កញ្ញា ឌី សូនីតា , អ្នកនាង ស្វែង សុជាតា , លោក ទេព រិនដារ៉ូ ,លោក ជា សំណាង, លោក ហម ឈរ៉ា, រស់ មុនី, ម៉ារីណែត និងកុមារី ជូលី ជាដើម៕