(មណ្ឌលគិរី)៖ ចំណេះដឹងមូលដ្ឋានស្តីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានធ្វើការផ្សព្វផ្សាយ ដល់សិស្សានុសិស្សជាង១០០នាក់ នៅវិទ្យាល័យសម្តេច ហ៊ុន សែន មណ្ឌលគិរី ដោយមន្ត្រីជំនាញមកពីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី។

លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី បានឲ្យដឹងថា វគ្គផ្សព្វផ្សាយ «សុវត្ថិភាពការម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់» បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីឲ្យមន្ត្រីកាំកុងត្រូល ធ្វើការចែករំលែកចំណេះដឹងជាមូលដ្ឋាន អំពីសុវត្ថិភាពម្ហូបអាហារ និងវិធានការពាក់ព័ន្ធ រួមនឹងការចុះត្រួតពិនិត្យផលិតផលនិងម្ហូបអាហារ។

លោក ចាន់ វាសនា បានបន្តថា ដើម្បីផ្សព្វផ្សាយចំណេះដឹងអំពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្ស ឲ្យពួកគាត់មានការយល់ដឹងជាមូលដ្ឋាន អំពីរបៀបគ្រប់គ្រងរបៀបជ្រើសររើស របៀបចំអិនម្ហូបអាហារ ក៏ដូចជារបៀបនៃការធ្វើអនាម័យមុន និងក្រោយចំអិន និងបរិភោគម្ហូបអាហារ។ លើសពីនេះទៅទៀត គោលដៅនៃវគ្គ ផ្សព្វផ្សាយ គឺធ្វើឡើងក្នុងបំណងអោយសិស្សានុសិស្ស មានការយល់ដឹងច្បាស់។

លោកប្រធានសាខាបានបន្តទៀតថា ការផ្សព្វផ្សាយដល់សិស្សវិទ្យាល័យសម្តេច ហ៊ុន សែន មណ្ឌលគិរី គឺឲ្យពួកគាត់យល់ដឹងពីសារសំខាន់ នៃស្លាកសញ្ញាលើសំបកវេបខ្ចប់សារធាតុគីមី លើម្ហូបអាហារ និងផលប៉ះពាល់សុវត្ថិភាពម្ហូបអាហារ ពីកសិដ្ឋានដល់តុបរិភោគ កាតព្វកិច្ចរបស់ផលិតករ ពាណិជ្ជករ និងអាជីវករឲ្យអ្នកប្រើប្រាស់ ចេះធ្វើការសម្រេចចិត្ត បានត្រឹមត្រូវក្នុងការជ្រើសរើសម្ហូបអាហារ ផលប្រយោជន៍នៃការប្រើប្រាស់ អំបិលអ៊ីយូត និងផលប៉ះពាល់ពីគ្រឿងញៀនផងដែរ។

លោក ចាន់ វាសនា ក៏បានផ្តាំផ្ញើពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ជ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល  សូមឲ្យយុវវ័យគ្រប់រូប ដែលជាទំពាំងស្នងឬស្សីប្រទេសជាតិ ត្រូវតែយកចិត្តទុកដាក់ស្វែងយល់អំពីសុវត្ថិភាពម្ហូបអាហារ។

លើសពីនេះសុវត្ថិភាពម្ហូបអាហារ តែមួយមុខមិនគ្រប់គ្រាន់ឡើយសូមឲ្យប្អូនៗ «ឆ្លើយថាទេ!» ចំពោះគ្រឿងញៀន និងចៀសវាងការសេពគ្រឿងស្រវឹង និង ជក់បារី ដែលកត្តាទាំងនេះធ្វើឲ្យប៉ះពាល់ធ្ងន់ដល់សុខមាលភាពគ្រួសារ និងសង្គម៕