(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះ រួមមាន នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការជាមួយអធិការដ្ឋានខណ្ឌច្បារអំពៅ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានចុះត្រួតពិនិត្យគោលដៅ ទិញ-លក់អេតចាយ តាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដើម្បីពិនិត្យមើលលើឯកសាររស់នៅ និងធ្វើការរបស់ជនបរទេស។

ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការនៅព្រឹកនេះ កម្លាំងបានពិនិត្យឃើញ​មានជនជាតិវៀតណាម ចំនួននាក់៥១ ក្នុងនោះមានស្រីចំនួន១៤នាក់ ប៉ុន្តែមានឯកសារស្នាក់នៅ ត្រឹមត្រូវចំនួន៣៦នាក់ ស្រី១០នាក់។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា សម្រាប់អ្នកគ្មានឯកសារត្រឹមត្រូវចំនួន១៥នាក់ មានស្រី ០៤នាក់ ដែលបានលួចឆ្លង​ដែនស្នាក់នៅ និងប្រកបរបរ​ដោយខុសច្បាប់​គ្មានលិខិតឆ្លងដែន។

លោកបានបន្ថែមថា ក្រោយការសួរនាំ ជនជាតិវៀតណាមចំនួន១៥នាក់ ស្រី០៤ នាក់ ត្រូវបានបញ្ជូនមកកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់។