(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់លោកស្រី ទេព កូលាប សាកលវិទ្យាធិការ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) គោលដៅចម្បងមួយ ក្នុងចំណោមគោលដៅសំខាន់ៗជាច្រើន របស់សាកលវិទ្យាល័យ គឺការផ្លាស់ប្តូរនិស្សិត (Student Exchange/ Mobility) ដែលផ្តោតសំខាន់ទៅលើការផ្តល់ឱកាសឲ្យដល់និស្សិត PPIU ក៏ដូចជានិស្សិតនៅក្នុង សហគមន៍អាស៊ានទាំងមូល បានផ្លាស់ប្តូរបទពិសោធន៍សិក្សា វប្បធម៌ និងភាសារវាងគ្នាទៅវិញទៅមក ក្នុងអំឡុងពេលដែលពួកគេ កំពុងសិក្សានៅសាកលវិទ្យាល័យ។

ជាក់ស្តែងកន្លងមក PPIU បានបញ្ជូននិស្សិតរបស់ខ្លួន ទៅសាកលវិទ្យាល័យដៃគូនិងទទួលនិស្សិតមកសិក្សានៅ PPIU រយៈពេលមួយសប្តាហ៍ ពីរសប្តាហ៍ និងមួយឆមាស ប្រមាណ១៥០នាក់។ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ PPIUបានបញ្ជូននិស្សិតប្រាំរូបទៅចូលរួមកម្មវិធី BSRU-ASEAN Youth Camp ២០១៧ នៅសាកលវិទ្យាល័យដៃគូ BSRU ប្រទេសថៃ។

 នៅទីនោះ និស្សិតPPIU មិនត្រឹមតែជួបនិងប្រាស្រ័យទាក់ទងជាមួយនិស្សិតថៃទេ តែពួកគេនឹងមានឱកាសជួបនិស្សិតមកពី បណ្តាប្រទេសមួយចំនួនទៀត ក្នុងសហគមន៍អាស៊ានដូចជា៖ ម៉ាឡេស៊ី ឥណ្តូនេស៊ី ហ្វីលីពីន សឹង្ហបូរី វៀតណាម ឡាវ ភូមា...។ល។

សម្រាប់PPIU នេះ ជាឆ្នាំទី៥ហើយ ដែលយើងបានបញ្ជូននិស្សិតទៅចូលរួម BSRU-ASEAN Youth Camp តាមការអញ្ជើញរបស់ BSRU សាកលវិទ្យាល័យដៃគូរ ហើយក្នុងឆ្នាំសិក្សា២០១៦-២០១៧នេះ PPIUក៏មានគម្រោងទទួលនិស្សិត បរទេសមកសិក្សានៅPPIU និងបញ្ជូននិស្សិតPPIUទៅសិក្សានៅ សាកលវិទ្យាល័យក្រៅប្រទេសផ្សេងៗទៀតជាច្រើន ក្នុងកម្មវិធីអាហារូបករណ៍ សហគមន៍អឺរុប (EU-SHARE Scholarship Programme) ផងដែរ ។  លើសពីនេះទៀតសាកលវិទ្យាល័យ ក៏បាននិងកំពុងបន្តពង្រីកទំនាក់ទំនងជាមួយសាកលវិទ្យាល័យនៅប្រទេសអូស្ត្រាលី អាមេរិក កាណាដា ចក្រភពអង់គ្លេស ។ល៕