(ភ្នំពេញ)៖ មន្ត្រីប្រតិភូ យុវជនភូមិឃុំមានសុវត្ថិភាព ស.ស.យ.ក រាជធានីផ្នែក «៧១» ជិត១០នាក់ តំណាងលោក សាយ សំអាល់ ប្រធានសហ​ភាពសហព័ន្ធ​យុវជនកម្ពុជា រាជធានីភ្នំពេញ បានចុះសំណេះសំណាល សួរសុខទុក្ខ ដោយពាំនាំនូវសកម្មភាព​មនុស្សធម៌ មានជាអង្ករជាដើម ដើម្បីមកចែកជូនក្រុម​ការងារផ្នែក​​សណ្ដាប់ធ្នាប់ ខណ្ឌឫស្សីកែវ ចំនួន៥០នាក់ ។

សកម្មភាពមនុស្សធម៌របស់ ស.ស.យ.ក រាជធានីផ្នែក «៧១»នេះដែរ បានធ្វើឡើងនៅល្ងាច​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុង​បរិវេណសាលា​ខ​ណ្ឌឫស្សីកែវ ដោយមានការ អញ្ជើញចូលរួមពីលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សី កែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងនាយការិយាល័យហិរញ្ញវត្ថុខណ្ឌ លោក ឡេង ច័ន្ទវិសិទ្ធ រួមទាំងមន្ត្រីក្រុមយុវជន ស.ស.យ.ក ខណ្ឌឫស្សីកែវ ជាច្រើននាក់ ផងដែរ ។

ក្នុងសកម្មភាពមនុស្សធម៌នេះ តំណាងសហភាពសហព័ន្ធយុវជន ស.ស.យ.ក រាជធានីផ្នែក «៧១» បានលើកឡើងថា លោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានមើលឃើញពីការខិតខំប្រឹងប្រែង បំពេញភារកិច្ច របស់កម្លាំងសណ្ដាប់​ធ្នាប់ខណ្ឌ ក៍បានចាត់ឲ្យ​ក្រុមការងារ នាំយកអង្ករមកចែកជូន​ចំនួន៥០នាក់ ដោយក្នុងម្នាក់ៗ​ទទួលបាន​២០គីឡូក្រាម ។

តំណាងសហភាព​សហព័ន្ធយុវជន ស.ស.យ.ក រាជធានី ផ្នែក «៧១» បានលើកឡើងទៀតថា ថ្វីត្បិតតែអង្ករដែលចែកជូន​ដល់កម្លាំង​សណ្ដាប់ធ្នាប់ ​មិនមានចំនួនច្រើនក៍ពិតមែន ប៉ុន្តែវាជាទឹកចិត្តរបស់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ហើយចំពោះសកម្មភាពមនុស្សធម៌នេះ នៅតែបន្តជួយទៅដល់កម្លាំង​សណ្ដាប់យើង ដោយមិនអាចបំភ្លេចបាន និងបន្តជួយ​ទៅដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌនៅ​ទូទាំងរាជធានីភ្នំពេញតែម្ដង ។

បន្ថែមពីនេះ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ ក៍បានលើកឡើងផងដែរថា លោកសូមថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះក្រុមការងារយុវជន ស.ស.យ.ក រាជធានី តំណាងលោក សាយ សំអាល់ ប្រធានសហភាព សហព័ន្ធ​យុវជនកម្ពុជា​រាជធានីភ្នំពេញ ដែលបានឆ្លៀតឱកាស នាំយកអង្ករ មកផ្ដល់ជូនដល់កម្លាំងក្រុមការងារ​សណ្ដាប់ធ្នាប់ ដែល​បច្ចុប្បន្ននេះ កម្លាំងសណ្ដាប់ធ្នាប់ទាំងឡាយ​ បានយកចិត្តទុកដាក់បំពេញ ភារកិច្ចជូនប្រជាពលរដ្ឋ បានយ៉ាងច្រើនល្អប្រសើរ ដោយមិនគិតថាយប់ ឫថ្ងៃឡើយ ៕