(ភ្នំពេញ)៖ អនុលោមតាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឡើងនៅ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំបន្ទាន់ជាមួយ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី ដើម្បីរៀបចំស្លាកសញ្ញាថ្មីសម្រាប់ធនាគារ។

នៅក្នុងកិច្ចប្រជុំលោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការធ្វើទំនើបកម្មស្លាកសញ្ញាថ្មី ដើម្បីទាក់ទាញទំនុកចិត្តរបស់សាធារណជន។ លោករដ្ឋមន្ត្រី បានស្នើដល់មន្ត្រីនៃនាយកដ្ឋាន កម្មសិទ្ធិបញ្ញា ធ្វើកិច្ចសហការជាមួយតំណាងធនាគារអេស៊ីលីដា ដើម្បីរៀបចំលិខិតស្នាម សម្រាប់ចុះបញ្ជីការស្លាកសញ្ញាថ្មី ជូនធនាគារឲ្យបានចប់សព្វគ្រប់នៅសប្តាហ៍ក្រោយ។

លើសពីនេះលោករដ្ឋមន្ត្រីក៏បានផ្តល់ការណែនាំដល់មន្ត្រីជំនាញ បន្តពិនិត្យមើលស្លាកសញ្ញា របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ ដែលមានបញ្ហាស្រដៀងគ្នា ជាមួយករណីធនាគារអេស៊ីលីដា ដើម្បីលុបបំបាត់ការភាន់ច្រឡំរបស់សាធារណជន រវាងការបំពេញប្រតិបត្តិការរបស់ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុសាធារណៈតួយ៉ាងដូចជាធនាគារជាតិនៃកម្ពុជា។

ជាការឆ្លើយតប លោកបណ្ឌិត អ៊ិន ចាន់នី បានឯកភាពធ្វើការផ្លាស់ប្តូរស្លាកសញ្ញាថ្មី សម្រាប់ធនាគារអេស៊ីលីដា និងបានថ្លែងអំណរគុណដល់រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ និងមន្ត្រីជំនាញ ដែលបានជួយសម្របសម្រួលដំណើរការរៀបចំផ្លាស់ប្តូរស្លាកសញ្ញាថ្មី ដើម្បីធនាគារអាចរក្សាប្រតិបត្តិការផ្តល់សេវាកម្ម ហិរញ្ញវត្ថុជូនអតិថិជនទាំងក្នុង និងក្រៅប្រទេស។

នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ អង្គប្រជុំគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន បានកំណត់ឱ្យធនាគារអេស៊ីលីដា ដែលជាធនាគារល្បីមួយនៅកម្ពុជា ដូរឡូហ្គោរូបហង្សចេញ ដើម្បីធ្វើយ៉ាងណាកឱ្យច្រឡំជាមួយនឹង រូបឡូហ្គោ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការសម្រេចឱ្យធនាគារដ៏ធំមួយនេះ ដូររូបឡូហ្គោ បានធ្វើឡើងពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ទាំងឡាយ បិទស្លាកថា មីក្រូហិរញ្ញវត្ថុគឺជារបស់ឯកជន មិនមែនជារបស់រដ្ឋ។ ជាមួយគ្នានេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីខាងលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដាក់បញ្ជាបំរាមដល់មន្រ្តីមូលដ្ឋានមិនឲ្យចូលរួមពាក់ព័ន្ធ នឹងសេវាកម្មរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុផងដែរ ដើម្បីបញ្ជៀសពីការយល់ច្រឡំរបស់សាធារណជន។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ធនាគារ អេស៊ីលីដា៖