(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍រាល់គម្រោងវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា ជាមួយការសន្យា ប្រឹងប្រែងជួយឲ្យបរិយាកាសវិនិយោគទាំងនោះកាន់តែល្អប្រសើរ ខណៈប្រទេសកម្ពុជា ត្រូវបានមើលឃើញថា ពោរពេញដោយសក្តានុពលសម្រាប់ការវិនិយោគ។

ការប្រកាសស្វាគមន៍គម្រោងវិនិយោគបរទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំកំពូល ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០១៧ ដែលធ្វើឡើងនៅសណ្ឋាគារអ៉ិនធើខននាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិនាព្រឹកមិញនេះ មានការអញ្ជើញចូលរួមពីអ្នកវិនិយោគ និងធុរជនជាតិ-អន្តរជាតិ មកពីបណ្តាក្រុមហ៊ុនល្បីៗ ជាច្រើននាក់។

នៅក្នុងពិធីនាព្រឹកមិញនេះសម្តេចតេជោ ហ៊ុន សែន បានគូសបង្ហាញពីវឌ្ឍនភាពរបស់កម្ពុជា ក៏ដូចជាការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលប្រមាណពីរទសវត្សរ៍ចុងក្រោយនេះ ដើម្បីជំរុញការរីកចម្រើនលូតលាស់របស់កម្ពុជា។

ក្នុងសុន្ទរកថាទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគ និងធុរជនបរទេសសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ កន្លងទៅកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ទាំងក្នុងទិដ្ឋភាពនយោបាយ សន្តិសុខ និងសង្គម-សេដ្ឋកិច្ច។ កម្ពុជា បានក្លាយជាកោះសន្តិភាព និងជាទិសដៅ ដ៏ល្បីល្បាញមួយនៅតំបន់អាស៊ីអាគ្នេយ៍សម្រាប់ភ្ញៀវទេសចរតំបន់ និងអន្តរជាតិមកទស្សនាកម្សាន្ត ក្នុងឆ្នាំ២០១៦កន្លងទៅ កម្ពុជាបានទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ៥លាននាក់ ក្នុងអត្រាកំណើនប្រមាណ៥ភាគរយ។

សម្រាប់ទិដ្ឋភាពសេដ្ឋកិច្ចវិញ សម្តេចនាយករដ្ឋមន្រ្តី បានរំលេចថា កម្ពុជាបានឆ្លងផុតពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងត្រូវបានគេចាត់ទុកជាប្រទេសជាប់ចំណាត់ថ្នាក់ល្អជាប្រទេសមានកំណើនដ៏រឹងមាំ ពោលគឺកម្ពុជាសម្រេចបានកំណើនក្នុងអត្រាជាមធ្យម ៧,៧ភាគរយក្នុងមួយឆ្នាំក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមក។ លើសពីនោះទៀត កម្ពុជា បានខិតខំកសាង និងអភិវឌ្ឍហេដ្ឋារចានសម្ព័ន្ធរូបវ័ន្តទាំងផ្នែករឹង និងផ្នែកទន់ដោយធ្វើឲ្យសមិទ្ធផលនានា ដូចជាបណ្តាញផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស ច្រករបៀងសេដ្ឋកិច្ច ប្រព័ន្ធដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីក អគ្គិសនី និងបណ្តាញចែកចាយអគ្គិសនី ទឹកស្អាត ទូរគមនាគមន៍ សេវាហិរញ្ញវត្ថុ សេវាអប់រំ សេវាសុខាភិបាល សេវាហិរញ្ញវត្ថុជាដើម បានរីកលូតលាស់ដូចផ្សិត គ្របដណ្តប់ស្ទើរនៅទូទាំងប្រទេស។

សម្តេតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ទៀតថា កម្ពុជា នៅតែរំពឹងរក្សាបានកំណើនសេដ្ឋកិច្ចមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧ភាគរយ រហូតដល់ឆ្នាំ២០១៨ បើទោះបីជាពិភពលោកនាពេលបច្ចុប្បន្នកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងភូមិសាស្រ្តនយោបាយយ៉ាងណាក្តី។

ផ្អែកលើមូលដ្ឋានទាំងនេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យអ្នកវិនិយោគ និងធុរជនអន្តរជាតិ មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ «លើមូលដ្ឋាននេះ ខ្ញុំសូមអញ្ជើញអស់លោកអ្នកទាំងអស់គ្នា ចូលរួមជាដៃគូជាមួយយើងខ្ញុំ តាមរយៈវិភាគទានជាក់ស្តែងនានា នៅក្នុងកិច្ចការរៀបចំអនាគតកាន់តែល្អប្រសើរ ឡើងសម្រាប់កម្ពុជា។ ខ្ញុំសូមយកឱកាសនេះ បញ្ជាក់ជូនថា កម្ពុជា នៅតែមានជំហរបន្តស្វាគមន៍ និងបន្តជំរុញលើកទឹកចិត្ត ចំពោះបណ្តាគម្រោងវិនិយោគ បរទេសនានាមកកម្ពុជា ហើយរាជរដ្ឋាភិបាល នឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការបើកទូលាយ ព្រមទាំងការបង្កើតនូវបរិយាកាសវិនិយោគឲ្យកាន់តែល្អប្រសើរ កាន់តែមានការទាក់ទាញមានលក្ខណៈទុកចិត្តបានសម្រាប់វិនិយោគិន និងធុរជនទាំងអស់»

សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធានាជូនវិនិយោគិន ធុរជនគ្រប់រូបនូវបរិស្ថានគ្រប់បែបយ៉ាងដែលអនុគ្រោះអំណោយផល និងជួយជំរុញដល់ការវិនិយោគ ជាពិសេសគឺការរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគិតគូរអំពីក្របខណ្ឌ នៃការលើកទឹកចិត្ត ព្រមទាំងក្របខណ្ឌច្បាប់ និងស្ថាប័នទន្ទឹងនិងការរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរថា កម្ពុជាប្រទេសជាដៃគូយ៉ាងច្រើនសម្រាប់លំហូរផលិតផល ដែលផលិតនៅកម្ពុជា។ សម្តេចតេជោ ស្នើឲ្យវិនិយោគិន និងធុរជនអន្តរជាតិទាំងអស់ឲ្យពិនិត្យសិក្សា និងសម្រេចចិត្តវិនិយោគនៅកម្ពុជា។

វាគ្មិនសេដ្ឋកិច្ចល្បីៗក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០១៧ បានមើលឃើញថា កម្ពុជា ជាប្រទេសមានសក្តានុពល និងមានអំណោយផលល្អប្រសើរច្រើនសម្រាប់ការវិនិយោគ ដោយសារកម្ពុជា គឺជាបេះដូងរបស់អាស៊ាន មានកម្លាំងពលកម្មវ័យក្មេងច្រើន ខណៈរាជរដ្ឋាភិបាលបានកសាងលិខិតបទដ្ឋានគតិយុត្តិជាច្រើនសម្រាប់គាំពារដល់អ្នកវិនិយោគ៕

សូមស្ដាប់ប្រសាសន៍ទាំងស្រុងរបស់ សម្ដេចតេជោ ហ៊ុន សែន៖