(ភ្នំពេញ)៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានថ្លែងថា ធនាគារជាតិនៃកម្ពុជា ស្នើឲ្យធនាគារទាំងអស់ យកចិត្តទុកដាក់អនុវត្តឲ្យបានពេញលេញនូវក្រមប្រតិបត្តិធនាគារ ដើម្បីលើកកម្ពស់ការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយតម្លាភាព សមភាព និងតម្លៃសមរម្យ ដើម្បីជៀសវាងនូវបន្ទុកបំណុលលើសលប់ ក៏ដូចជាពង្រឹងកិច្ចការពារអតិថិជនផងដែរ។

លោកស្រីបានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធបើកឲ្យដំណើរការជាផ្លូវការ ធនាគារគូគមីនកម្ពុជា ភិអ៊ីលស៊ីសាខាទួលទំពូង ដែលស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង នៅព្រឹកថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៧ ដែលមានការចូលរួមពីលោក គីម វ៉ុនជីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានមូលនិធិអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែននិងសម្តេចគតិព្រឹទ្ធបណ្ឌិត។

លោកស្រីទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានថ្លែងអបអរសាទរ ចំពោះសមិទ្ធផល និងការវិវឌ្ឍន៍ជាបន្តបន្ទាប់របស់ធនាការ គូកមីនកម្ពុជាភីអិលស៊ី រហូតមកដល់បច្ចុប្បន្ន និងសូមកោតសរសើរចំពោះ​ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំធនាគារ ដែលបានបន្តវិនិយោគពង្រីកបណ្តាញប្រតិបត្តិការបស់ខ្លួនជាបន្តបន្ទាប់  ពិសេសចំពោះការសម្រេចចិត្ត បើកសាខាថ្មីចំនួនមួយបន្ថែមទៀតក្នុងរាជធានីភ្នំពេញ ដែលសមិទ្ធផលនាថ្ងៃនេះ បានបង្ហាញពីឆន្ទៈរបស់ធនាគារ ក្នុងការពង្រីកបណ្តាញប្រតិបត្តិការ ដើម្បីផ្តល់ភាពងាយស្រួល ដល់អតិថិជន​ក្នុងការប្រើប្រាស់សេវាកម្មធនាគារ និងការពង្រឹងសក្តានុពលប្រកួតប្រជែង ស្របតាមយន្តការទីផ្សារ ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពអាជីវកម្មធនាគារ ជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងបង្កើនជំនឿទុកចិត្តរបស់សាធារណជន មកលើវិស័យធនាគារនៅកម្ពុជា។

លោកបញ្ជាក់ទៀតថា ជាមួយនឹងកំណើនសេដ្ឋកិច្ចរឹងមាំប្រមាណ៧ភាគរយ ចំពោះវិស័យធនាគារនៅកម្ពុជា បាននិងកំពុងបន្តរីកចម្រើនប្រកបដោយសុវត្ថិភាព និងមានលក្ខណៈប្រកួតប្រជែង ប្រកបដោយបរិយាប័ន្ន។ ជាក់ស្តែងក្នុងឆ្នាំ២០១៦ ប្រាក់បញ្ញើអតិថិជនក្នុងប្រព័ន្ធធនាគារ បានកើនឡើងដល់៦៤ភាគរយនៃផ.ស.ស(GDP)ពោលគឺមានកំណើន១៨ភាគរយ និង២ភាគរយធៀបគ្នានឹងឆ្នាំ២០១៥។

លោកស្រីមានជំនឿយ៉ាងមុតមាំថា«ធនាគារនឹងចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា ព្រមទាំងបង្កើនតួនាទីអន្តរការិយកម្មហិរញ្ញវត្ថុ ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការវិនិយោគចម្បងៗ ពិសេសវិស័យកសិកម្ម និងផលិតកម្មដែល នឹងជួយគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងសង្ឃឹមថាធនាគារគូកមីន នឹងធ្វើជាប្រតិបត្តិករល្អជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តបទប្បញ្ញត្តិប្រុងប្រយ័ត្នទាំងឡាយយ៉ាងខ្ជាប់ខ្ជួន ដើម្បីចូលរួមរក្សាស្ថិរភាព និងសុវត្ថិភាពប្រព័ន្ធធនាគារទាំងមូល។

លោក យុន ចុង គ្យូ នាយកប្រតិបត្តិ និងជាប្រធានសម្ព័ន្ធហិរញ្ញវត្ថុគូកមីន និងជាប្រធានធនាគារគូកមីន បានថ្លែងថា បន្ទាប់ពីបានបើកដំណើការតំាងពីឆ្នាំ២០០៨មក ធនាគារ KB Cambodia បាន និងកំពុងអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ដោយមានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ហើយយើងកំពុងតែពង្រីកអាជីវកម្មជាបន្តបន្ទាប់ដើម្បីផ្តល់ សេវាហិរញ្ញវត្ថុចំពោះឯកជន និង ក្រុមហ៊ុនខ្នាតតូច។

លោកបានបញ្ជាក់ថា ធនាគារ KB Cambodia កំពុងតែអនុវត្តការពង្រីកហិរញ្ញវត្ថុឯកជនប្រកបដោយនិរន្តរភាព ដោយផ្តោតជាសំខាន់លើ Liiv KB Cambodiaដែលជាប្រព័ន្ធធនាគារឌីជីថល ប្រកបដោយភាពជិតស្និទ្ធសម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលបានចាប់ដំណើការតាំងពីខែកញ្ញាឆ្នាំមុន ហើយគ្រោងនឹងផ្តល់សេវាហិរញ្ញវត្ថុរួមចំពោះក្រុមហ៊ុនក្នុងស្រុក ហើយ
ឆ្នាំនេះជាឆ្នាំខួបទី១០ដែលធនាគារ KB  បានចាប់ផ្តើមដំណើការនៅកម្ពុជា ហើយថ្ងៃនេះជាថ្ងៃដ៏មានអត្ថន័យ តាមរយៈការបើកសាខាទី៣គឺសាខាទួលទំពូង។

លោកបន្ដថា «ធនាគារ KB ដែលបាននិងកំពុងតែអភិវឌ្ឍដោយមានការណែនាំពីធនាគារជាតិនៃកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា នឹងបន្តអនុវត្តការបង្កើត Network ថ្មី និងការផ្ទេរសមត្ថភាពហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍភាពងាយស្រួលផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋកម្ពុជា។ម្យ៉ាងទៀត KB នឹងបន្តពង្រីកសកម្មភាពសប្បុរសធម៌សង្គមសម្រាប់អតិថិជនកម្ពុជា ដែលប្រើប្រាស់សេវាធនាគារ KB។ សកម្មភាពសប្បុរសធម៌ ដូចជា ផ្តល់ការឧបត្ថម្ភថ្លៃសិក្សាដល់និសិត្សពីគ្រួសារដែលមានចំណូលទាប តាមរយៈមូលនិធិអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន, ការឧបត្ថម្ភសេវាព្យាបាលជំងឺ តាមរយៈមន្ទីរពេទ្យហេប្រូន, ការឧបត្ថម្ភប្រាក់សម្រាប់ការរស់នៅប្រចាំថ្ងៃ និងសេវាហិរញ្ញវត្ថុសម្រាប់ពលករកម្ពុជានៅកូរ៉េ ជាដើម  ខ្ញុំសន្យាថា សកម្មភាពទាំងអស់នេះគ្រោងនឹងបន្តពង្រីក ព្រោះវាដែលជាការសម្តែងនូវក្តីស្រឡាញ់ និងចំណាប់អារម្មណ៍ដោយចីរភាពរបស់ធនាគារ»

លោកបន្ដថា ធនាគារ KB បានបង្ហាញអំពីចក្ខុវិស័យថា ធនាគារ KB Cambodia នឹងលូតលាស់ទៅជាធនាគារខ្នាតមធ្យមនៅកម្ពុជា ដល់ឆ្នាំ២០២០ តាមរយៈបណ្តាញបង្រួបបង្រួមរវាង បណ្តាញអនឡាញ និង អហ្វឡាញ ៕