(សៀមរាប)៖ ប្រជាពលរដ្ឋមានទីលំនៅ ក្នុងភូមិស្រះស្រង់ខាងត្បូង មានផ្ទះនៅក្បែរស្រះស្រង់ផ្ទាល់ អ្នកស្រី ធាន វួន បាន បញ្ជាក់នៅថ្ងៃទី១៤ កុម្ភៈ ២០១៧ថា ពួកគាត់ធ្លាប់ទទួលបានការអនុញ្ញាតឲ្យសាសង់ផ្ទះថ្មី ប្រហែល១០ឆ្នាំមុន មកម្ល៉េះ  តែចុងឆ្នាំ២០១៦កន្លងមកនេះ ដោយសារមានកំណើនសមាជិកក្នុងគ្រួសារបន្ថែមទៀត ទើបពួកគាត់បាន ស្នើសុំហើយ ទទួលបានការឯកភាពពីអាជ្ញាធរជាតិអប្សរា ដើម្បីតយ៉ាកព្រមទាំងសាងសង់បង្គន់អនាម័យបន្ថែមទៀតសម្រាប់ប្រើប្រាស់។

ចំណែក លោក ម៉ៅ ម៉េធ ជាប្រជាពលដ្ឋរស់នៅភូមិរហាល ដែលកំពុងសាងសង់ផ្ទះជិតរួចរាល់ហើយនោះ ក៏បានបង្ហាញពី ភាពងាយស្រួលក្នុងការស្នើសុំច្បាប់សាងសង់នេះដែរ។ លោក ម៉េធ ជាអ្នកខេត្តកំពង់ឆ្នាំង ហើយលោកបាន​យកគ្រួសារ​ជាអ្នក ស្រុកអង្គរ និងបានមករស់នៅទីនេះ រយៈពេល២០ឆ្នាំមកហើយ។ លោកអះអាងថា ការសុំច្បាប់សាងសង់ នៅក្នុងឧទ្យានអង្គរ ពុំមានអ្វីពិបាកទេ ដោយគ្រាន់តែគោរពតាមគោលការណ៍របស់អាជ្ញាធរជាតិអប្សរា ក្នុងនោះរួមមាន​ការសាងសង់ ត្រូវគោរពទៅ តាមប្លង់ដែលចេញដោយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាជាដើម។

ដោយឡែកលោក នូ រ៉ូត ដែលរស់នៅភូមិស្រះស្រង់ខាងជើងវិញ ផ្ទះរបស់លោកសាងសង់ជិតរួចរាល់ហើយ ក្រោយពី​មានច្បាប់ អនុញ្ញាតត្រឹមត្រូវ។ ដូចគ្នានឹងអ្នកស្រី ធាន វួន និង លោក ម៉ៅ ម៉េធ លោក រ៉ូត ថា ពុំមានអ្វីជាពិបាក​ក្នុងការ​ស្នើច្បាប់ សាងសង់ នោះទេ។​ លោក រ៉ូត បានសម្តែងការងឿងឆ្ងល់ចំពោះប្រជាពលរដ្ឋខ្លះ ដែលថាការស្នើសុំ​ច្បាប់សាងសង់ក្នុងឧទ្យានអង្គរមានការ លំបាក តែសម្រាប់លោកគ្រាន់តែ ដាក់ពាក្យស្នើសុំត្រឹមជាង២០ថ្ងៃ ក៏ទទួលបានការអនុញ្ញាតភ្លាមៗ។

សរុបសេចក្តីមក ការស្នើសុំច្បាប់សាងសង់ ក្នុងឧទ្យានអង្គរពុំមានការលំបាកដូចមហាជនមួយចំនួនលើកឡើងនោះទេ គ្រាន់តែ ការស្នើសុំត្រូវគោរពទៅតាមគោលការណ៍ ដែលអាជ្ញាធរជាតិអប្សរា ក៏ដូចជាគោរព​ទៅតាមលក្ខខណ្ឌ​នៃច្បាប់បេតិកភណ្ឌពិភព លោកតែប៉ុណ្ណោះ។ អ្នកស្រុកអង្គរ នៅតែអាចរស់នៅប្រកបរបរ និងមានកម្មសិទ្ធិ​គ្រប់គ្រងអ្វីដែលជារបស់ខ្លួនតាំងដើមរហូតមក។

គួរបញ្ជាក់ថា តំបន់ឧទ្យានអង្គរ ដែលមានទំហំ៤០១គីឡូម៉ែត្រក្រឡាត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពី ខែធ្នូ ឆ្នាំ១៩៩២។ តំបន់នេះត្រូវបានចាត់បញ្ចូល ជារមណីយដ្ឋានរស់ដែលសម្បូរដោយ ទេសភាពធម្មជាតិ ប្រាង្គប្រាសាទនិង ប្រជាពលរដ្ឋ ដែលបន្តរស់នៅរហូតដល់បច្ចុប្បន្ន។

ដោយឈរលើគោលការណ៍រមណីយដ្ឋានមានជីវិតរបស់អង្គរ ទើបមានការអនុញ្ញាតឲ្យ​ប្រជាពលរដ្ឋបន្ត​រស់នៅលើ​ទីតាំងដែល ធ្លាប់រស់នៅពីយូរលង់មកហើយបាន។ ម្យ៉ាងទៀតការសាងសង់ជួសជុលផ្ទះសម្បែងប្រជាពលរដ្ឋ ក្នុងតំបន់ជា​ចំណុចដែល អាជ្ញាធរជាតិអប្សរា កំពុងបន្តការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ការជួសជុលតូចតាច សាងសង់ទ្រុងមាន់ ទ្រុងទាឬបង្គន់អនាម័យ ជាដើមនោះ អាជ្ញាធរជាតិអប្សរា បានបង្កើតក្រុមការងារ សហគមន៍ដើម្បីចុះពិនិត្យ និងអនុញ្ញាតឲ្យ​ដល់ទីកន្លែងតែម្តង។

រីឯការស្នើសុំសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ ទើបតម្រូវឲ្យមកដាក់ពាក្យស្នើសុំ ដោយផ្ទាល់នៅអាជ្ញាធរជាតិអប្សរា។ ករណីប្រជាពលរដ្ឋ បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ អាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យសាងសង់ ព្រមទាំងគូសប្លង់បច្ចេកទេស និងជួយពិគ្រោះ យោបល់សំដៅ ធ្វើយ៉ាងណាឲ្យការសាងសង់នោះ បានប្រើប្រាស់ចំគោលដៅសន្សំសំចៃថវិកា ព្រមទាំងគោរព បានតាមរចនាបថខ្មែរបុរាណទៀតផង៕