(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ បានអញ្ជើញចុះសួរសុខទុក្ខមន្ត្រីគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងគរុសិស្ស ដែលកំពុងបំពេញកម្មសិក្សា នៅសាលាមត្តេយ្យវត្តកោះ ក្នុងខណ្ឌដូនពេញ ព្រមទាំងនាំថវិកាឧបត្ថម្ភមួយចំនួនផងដែរ។

សម្តេច សាយ ឈុំ បានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់ របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ដែលកន្លងមកបានគ្រប់គ្រងថែរក្សាសាលា ប្រកបដោយអនាម័យ បរិស្ថានល្អ បានបង្ហាត់បង្រៀនមើលថែកុមារបានល្អ និងប្រកបដោយសុវត្តិភាព។

សម្តេច សាយ ឈុំ បានផ្តល់អនុសាសន៍ឲ្យគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បន្តការសាមគ្គីគ្នា សហការជួយគ្នាក្នុងការអនុវត្តកាងារ បន្តពង្រឹងការគ្រប់គ្រង ថែរក្សាសាលា និងបង្កើនការយកចិត្តទុកដាក់បង្ហាត់បង្រៀនកុមារ ឲ្យកាន់តែល្អ និងមានសុវត្ថិភាព។

មិនត្រឹមតែប៉ុណ្ណោះ សម្តេចប្រធានក៏បានឧបត្ថម្ភថវិកាចំនួន ៥,០០០,០០០រៀល សម្រាប់លោកគ្រូ អ្នកគ្រូក្នុងសាលា និងឧបត្ថម្ភថវិកាចំនួន៣,០០០,០០០រៀលដែរ សម្រាប់គរុសិស្សទាំង២៧រូប ដែលកំពុងចុះកម្មសិក្សា នៅសាលាមត្តេយ្យវត្តកោះផងដែរ៕