(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការចុះ បង្ក្រាបរថយន្តដឹកឈើក្រញូងមួយគ្រឿង នៅចំណុចភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខណៈកំពុងធ្វើចរាចរចេញពីទឹកដី ស្រុកថាឡាបរិវ៉ាត់ មានចំនួន៨១ដុំ ស្មើនឹង៧៦៤គីឡូក្រាម ដែលរថយន្តមួយគ្រឿងនេះ ប្រុងនាំទៅវៀតណាម។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។ ក្រោយការបង្រ្កាបរថយន្តខាងលើ កម្លាំងកម្លាំងអាវុធហត្ថបាននាំវត្ថុតាងទាំងអស់ ទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីធ្វើកំណត់ហេតុ។

ស្ថិតក្នុងការបង្រ្កាបនោះដែរ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកឈើនេះម៉ាក Lexus-450 រីឯឈើនៅក្នុងរថយន្តនោះសុទ្ធតែឈើក្រញូង មានចំនួន៨១ដុំ ស្មើនឹងទម្ងន់ ៧៦៤គីឡូក្រាម ហើយក្នុងពេលបង្រ្កាបនោះ អ្នកបើករថយន្តត្រូវបានរត់គេចខ្លួន។

សមត្ថកិច្ចបានបន្តថា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កម្លាំងអាវុធហត្ថខេត្តក៏បានធ្វើការប្រគល់ឈើ ព្រមទាំងរថយន្តបម្រើបទល្មើស ជូនទៅឲ្យជំនាញទាំងបទល្មើសឈើក្រញូង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់។ ចំណែកជនសង្ស័យក៏ត្រូវបានកម្លាំងសមត្ថកិច្ចកំពុងតាមស្រាវជ្រាវ ដើម្បីយកផ្ដន្ទាទោសតាមច្បាប់ផងដែរ៕