(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងឲ្យដឹងថា ក្នុងឆ្នាំ២០១៦ កន្លងមកនេះ យុទ្ធសាស្រ្ត៣យ៉ាង កម្មវិធីការងារអាទិភាព៨ចំណុច ត្រូវបានជំរុញ និងអនុវត្ត ហើយទទួលបានផ្លែផ្កា ក្នុងនោះរួមមានទី១ សេវាសុខុមាលភាពសង្គមសម្រាប់ជនក្រីក្រងាយរងគ្រោះ កុមារ មនុស្សចាស់ អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន, ទី២ វិស័យសុខុមាលភាពកុមារ, ទី៣ វិស័យសុខុមាលភាពជនពិការ, ទី៤ វិស័យសុខុមាលភាពមនុស្សចាស់, ទី៥ របបសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល, ទី៦ វិស័យអតីតយុទ្ធជន, ទី៧ ក្រសួងបានលើកទឹកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរាជរដ្ឋាភិបាលជាតិ និងអន្តរជាតិ, និងទី៨ ពង្រឹងអភិបាលកិច្ច តាមរយៈការជ្រើសរើសមន្រ្តីក្របខណ្ឌថ្មី។

រដ្ឋមន្រ្តី វង សូត បានថ្លែងបែបនេះ ខណៈលោកចូលរួមប្រកាសបើក សន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ១ឆ្នាំ​ និង ទិសដៅអនុវត្តបន្ត របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលរៀបចំធ្វើនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងដោយមានមន្រ្តីរាជការ និងភាគីពាក់ព័ន្ធប្រមាណ៤០០នាក់។

បន្ថែមពីលើនេះ លោក វង សូត បានបន្ថែមទៀតថា យោងតាមសមិទ្ធផលសំខាន់ៗខាងលើនេះ លោកក៏បានជំរុញឲ្យមន្រ្តីគ្រប់ ផ្នែកទាំងអស់រួមគ្នា​ខិតខំធ្វើការរកដំណោះស្រាយដូចជា ការប្រែប្រួលអាកាសធាតុ ការផ្ទុះចេញ ជាជំងឺឆ្លងប្លែកៗ បញ្ហាចំណាកស្រុក បញ្ហាជនអនាថា ការជួញដូរមនុស្ស ជួញដូរពលកម្ម ការកេងប្រវ័ញ្ចផ្លូវភេទ ការប្រើប្រាស់គ្រឿងញៀន និងការបម្រែបម្រួលផ្នែកប្រជាសាស្រ្ត។

ក្រៅពីនោះ លោក រដ្ឋមន្រ្តី ស្នើឲ្យភាគីពាក់ព័ន្ធពង្រឹងពង្រីកសេវាសុខុមាលភាពសង្គមសម្រាប់ជនក្រីក្រ, បន្តពង្រឹងពង្រីកសេវាសុខុមាលភាពកុមារ,បន្តជំរុញការងារយុវនីតិសម្បទា និងកម្មវិធីយុត្តិធម៌អនីតិជន, បន្តពង្រឹងពង្រីកសេវាសុខុមាលភាពជនពិការ និងស្តារលទ្ធភាពពលកម្ម, បន្តពង្រឹង និងពង្រីកវិស័យសុខុមាលភាពមនុស្សចាស់, បន្តអនុវត្តរបបសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល,បន្តពង្រឹង និងពង្រីកវិស័យអតីតយុទ្ធជន, បន្តពង្រឹងភាពជាដៃគូជាមួយអង្គការមិនមែនរាជរដ្ឋាភិបាល និងអន្តរជាតិ និងបន្តពង្រឹង និងពង្រីកដំណើរការវិទ្យាសា្ថនជាតិសង្គមកិច្ចជាដើម។

រដ្ឋមន្រ្តី វង សូត រំពឹងទុកថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៧នេះ នឹងលើកយកបញ្ហាប្រឈមនានា ដើម្បីរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។លោកបានថ្លែងបន្តថា វិស័យសង្គមកិច្ច អតីតយុទ្ធជន និយយុវនីតិសម្បទា ទទួលបានសមិទ្ធផលថ្មីៗជាច្រើន ក្នុងនោះរួមមានការអនុវត្តគោលនយោបាយ កម្មវិធីចាតិពាក់ព័ន្ធ វិស័យសង្គមកិច្ច សំដៅដល់ការបង្កើតនូវសេវាសាធារណៈ ដើម្បីជួយជនរងគ្រោះ និងក្រុមងាយរងគ្រោះ ក្នុងសង្គម បង្កើតរបបសន្តិសុខសង្គមសម្រាប់អតីត មន្រ្តីរាជការស៊ីវិល អតីតយុទ្ធជន និងការជួយសង្រ្គោះសង្គមដល់ប្រជាពលរដ្ឋ៕