(ភ្នំពេញ)៖ ថ្ងៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ២០១៧ ម្សិលមិញនេះ ភរិយាលោក ហ៊ុន ម៉ានី គឺលោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី រួមនិង សិល្បករ សិល្បការិនីល្បីៗ នៅកម្ពុជាជាច្រើនរូបទៀត បានរួមគ្នាចុះចែកក្តីស្រឡាញ់ដល់កុមារកំព្រា កំពុងរស់នៅអង្គការ AFESIP Together One Heart តាមរយៈការផ្តល់ចំណីអាហារ និងភេសជ្ជៈផ្សេងៗ។

ក្នុងកម្មវិធីប្រកបដោយស្នាមញញឹមនេះ គេក៏សង្កេតឃើញមានវត្តមាន សិល្បករ-សិល្បការិនី មួយចំនួនចូលរួមផ្តល់នូវភាពសប្បាយរីក រាយតាមការច្រៀងលេង និងនិយាយលេងកម្សាន្តផងដែរ ដែលក្នុងនោះមានដូចជា អ្នកនាង ពេជ្រ សេរីរ័ត្ន និង លោក អេឡិច ច័ន្ទត្រា ដែលអ្នកទាំងពីរក៏ជាទូតសុឆន្ទៈរបស់អង្គការ AFESIP និងតារាចម្រៀងល្បីឈ្មោះអ្នកនាង ម៉េង កែវពេជ្ជតាផងដែរ។

លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី ជានាយិកាក្រុមប្រឹក្សាភិបាលកិត្តិយសអង្គការ AFESIP បានថ្លែងថា ទោះបីជាប្អូនៗ ក្មួយៗរស់នៅក្នុងមណ្ឌលចាកឆ្ងាយពីគ្រួសារ ធ្លាប់ទទួលរងគ្រោះដោយការបំពារបំពាន និងជួញដូរផ្លូវភេទក៏ដោយ ក៏មិនរងារដែរ ព្រោះលោកស្រី និងថ្នាក់ដឹកនាំតែងគិតគូរជានិច្ច និងចែករំលែកក្តីស្រឡាញ់រវាងគ្នាជាដរាប។ ជាមួយគ្នានោះ លោស្រី ក៏បានលើកទឹកចិត្តឲ្យកុមារទាំងអស់ត្រូវប្រឹងប្រែង ទោះបីជាស្ថិតក្នុងស្ថានភាពណាក៏ដោយ ដើម្បីអនាគតខ្លួនឯង និងសង្គមជាតិ។

ពិធីការិនីល្បីឈ្មោះរបស់ទូរទស្សន៍ MY TV អ្នកនាង ពេជ្រ សេរីរ័ត្ន ដែលជាទូតសុឆន្ទៈរបស់អង្គការ AFESIP បានបញ្ជាក់ថា ក្រៅពីសកម្មភាពនៃការចុះជួប និងលើកទឹកចិត្តនេះ លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី ក៏តែងជួយទាំងសម្ភារៈ អគារសិក្សា និងគំនិត ផ្តល់ភាពកក់ក្តៅ និងងាយស្រួលសម្រាប់អនាគតកុមារ និងក្មេងក្នុងអង្គការនេះជានិច្ច៕