(សេអ៊ូល)៖ មរណៈភាព​បងប្រុស​ម្ដាយទីទៃ​របស់មេដឹកនាំ​កូរ៉ខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ បាននិង​កំពុងធ្វើ​ឱ្យគេចាប់អារម្មណ៍​ជាខ្លាំង ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​សុទ្ធតែ​សង្ស័យថា របបដឹកនាំ​ទីក្រុងព្យុងយ៉ាង​អាចជាអ្នក​នៅពីក្រោយ​អំពើឃាតកម្ម​នេះ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយសារ​ព័ត៌មាន BBC​ នៅព្រឹក​ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក គីម ជុងណំា មានអាយុ​៤៦ឆ្នាំ កើតនៅក្នុង​ទីក្រុងព្យុងយ៉ាង គឺជាកូនប្រុសច្បង​នៃអតីត​មេដឹកនាំ​ទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ីល ជាមួយនឹង​លោកស្រី សុង ហ៊ីរីម (Song Hye-rim)​ ដែលជាសិល្បករកូរ៉េខាងជើង​ម្នាក់។ ករណីឃាតកម្ម​លើរូបលោក កំពុងស្ថិត​នៅក្រោមការស៊ើប​អង្កេត​នៅឡើយ ក៏ប៉ុន្តែបើតាម​សេចក្ដីរាយការណ៍​ដំបូង លោក គីម ជុងណាំ ត្រូវបានគេ​លួចបំពុល​ឱ្យស្លាប់នៅឯ​អាកាសយានដ្ឋាន​ក្នុងទីក្រុង Kuala Lumpur កាលពី​ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ដោយស្ត្រីពីរ​នាក់​ដែលគេជឿជាក់ថា​ជាទីភ្នាក់ងារចារកម្មកូរ៉េខាងជើង​ ដែលបានទទួលបញ្ជា​ពីរបបដឹកនាំ​លោក គីម ជុងអ៊ុន ហើយបច្ចុប្បន្ន​ស្ត្រីទាំងពីរនាក់នេះ​កំពុងរត់គេចខ្លួន។

គួរបញ្ជាក់ថាបើតាមទីក្រុងសេអ៊ូល ចាប់តាំងពី​លោក គីម ជុងអ៊ុន ឡើងកាន់អំណាច​នៅឆ្នាំ២០១១មក មេដឹកនាំវ័យ​ក្មេងរូបនេះ បានចាប់ផ្ដើម​ពង្រឹងអំណាចតាមរយៈការបោសសំអាត​រាល់មន្ត្រីកូរ៉េខាងជើង​ទំាងឡាយ​ណា​ដែលលោក​សង្ស័យថា​ជាជនក្បត់ ឬក៏គំរាមកំហែងដល់អំណាច​របស់លោក ពោលគឺ​សូម្បីតែ​ពូបង្កើត គឺលោក ចាង សុងតេក ក៏មិនអាចគេច​ផុតពីទោស​ប្រហារ​ជីវិតដែរ។

ដូច្នេះទើបករណីឃាតកម្មលើលោក គីម ជុងណាំ ត្រូវបានទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង​សង្ស័យថា របបដឹកនាំ​ទីក្រុងព្យុងយ៉ាង​បច្ចុប្បន្ន អាចជាអ្នកបញ្ជា​នៅពីក្រោយ។ ម្យ៉ាងវិញទៀត​ការសន្និដ្ឋាន​បែបនេះ ក៏មិនមែនគ្មាន​មូលដ្ឋាននោះដែរ ត្បិតគេធា្លប់បានដឹងហើយថា លោក គីម ជុងណាំ គឺជាមនុស្ស​ម្នាក់មាន​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធជាមួយ ឥស្សរៈជន​ចិនជាន់ខ្ពស់​ជាច្រើននាក់ និងរស់នៅ​ក្រោមការ​ការពារពី​សំណាក់​អាជ្ញាធរចិន ហើយមិនតែ​ប៉ុណ្ណោះ​ថ្នាក់ដឹកនាំជាន់ខ្ពស់​កូរ៉េខាងជើង ដែលស្និទ្ធនឹង​លោក គីម អ៊ីលស៊ុង (ជីតា​លោក គីម ជុងណាំ និងលោក​ គីម ជុងអ៊ុន) ក៏ពេញចិត្ត​ពេញថ្លើមនឹងរូបលោក​ផងដែររហូត​ដល់​មាន​ពាក្យចរចាមអារ៉ាម នៅអំឡុង​ឆ្នាំ២០១១ថា លោកអាចនឹង​ឡើងបន្តតំណែង​ជំនួសលោក គីម ជុងអ៊ីល ទៀតផង។

គួររំលឹកថា​កាលពីឆ្នាំ២០១៤ លោក គីម ជុងណាំ ត្រូវបាន​គេជូន​ដំណឹងថា លោកអាចនឹង​មានគ្រោះថ្នាក់ បន្ទាប់ពីលោក​ហ៊ានរិះគន់លើរបបដឹកនាំ​លោក គីម ជុងអ៊ុន។ ជាងនេះទៅ​ទៀត​កាលពីឆ្នាំ២០១១ សារព័ត៌មាន​កូរ៉េខាងត្បូង នាំគ្នាចុះផ្សាយ​ព្រោងព្រាតថា លោកត្រូវបាន​គេប៉ុនប៉ងធ្វើឃាត នៅក្នុងទីក្រុង​ម៉ាកាវ ក៏ប៉ុន្តែ​ទីភ្នាក់ចារកម្មចិននាមរារាំងទាន់ពេលវេលា រីឯទីក្រុង​ព្យុងយ៉ាងបានក្លាយ​ជាជនសង្ស័យទី១ នៅក្នុងកែវភ្នែក​រដ្ឋាភិបាលទីក្រុងសេអ៊ូល៕