(ភ្នំពេញ)៖ លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា បានអះអាងថា រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញ​អង្គវិសាមញ្ញមួយ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីអនុម័ត លើសេចក្តីស្នើវិសោធកម្មច្បាប់ ស្តីពី​គណបក្សនយោបាយ។

ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពី គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា បានបើកកិច្ចប្រជុំមួយទៀត នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយពិភាក្សាអំពីរបៀបវារៈខាងលើ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីតំណាងគណៈកម្មការមកពីគណបក្សសង្រ្គោះជាតិផងដែរ។

សំណើសុំធ្វើវិសោធនកម្ម លើច្បាប់ស្តីពីគណបក្សនយោបាយ ដែលរៀបចំដោយក្រុមតំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជាចំនួន៦០រូប បានចូលមកដល់រដ្ឋសភា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ ការរៀបចំសំណើសុំធ្វើវិសោធនកម្មច្បាប់នេះ បានធ្វើបន្ទាប់ពីមានការលើកឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យកំណត់លក្ខខណ្ឌតឹងរឹងជាងមុន សម្រាប់ច្បាប់ស្តីពីគណបក្សនយោបាយក្នុង នោះច្បាប់ថ្មីនេះនឹងមិនអនុញ្ញាតឲ្យអ្នកមានទោស ឬជាទណ្ឌិត ធ្វើជាប្រធាន ឬ អនុប្រធានបក្សនយោបាយឡើយ ហើយបើទោសធ្ងន់ធ្ងរទៀតនោះ អាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្សមិនឲ្យ ធ្វើសកម្មភាពនយោបាយថែមទៀត៕