(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់១២នាក់ និងរបួសស្រាល៦នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១១គ្រឿង រថយន្ដធុនតូចចំនួន១គ្រឿង ថយន្តធុនធំ៣គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, ប្រជែង១លើក, មិនប្រកាន់ស្តាំ២លើក, ស្រវឹង១លើក, កត្តាយានយន្ត២លើក និងមិនគោរពសិទ្ធិ៤លើក។

សូមបញ្ជាក់ថា រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​ន១២៦លើក បណ្ដាលឲ្យស្លាប់៦៣នាក់ របួសធ្ងន់ចំនួន១១៧នាក់ និងរងរបួសស្រាលចំនួន៥៦នាក់៕