(ព្រៃវែង)៖ ខេត្តព្រៃវែងមានប្រជាពលរដ្ឋ ចំណាកស្រុកសរុបជិត១៧ម៉ឺននាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង១លាននាក់។ ក្នុងនោះចំណាកស្រុក ទៅក្រៅប្រទេសមានជាង៤ម៉ឺននាក់។ នេះបើយោងតាមការបញ្ជាក់របស់លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ថ្លែងក្នុងជំនួបសំណេះសំណាល ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

លោក ជា សុមេធី ក៏បានឲ្យដឹងផងដែរថា ក្នុងខេត្តព្រៃវែង មានប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងមានជិត៧៨ម៉ឺននាក់ ហើយប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតមានជាង៦២ម៉ឺននាក់ ស្មើនិងជាង៧៩ភាគរយ។

សម្រាប់ការងារបង្កបង្កើនផល ស្រូវប្រាំងវិញ អនុវត្តបានចំនួន ៧៧,៦៩៨ ហិកតាស្មើ និង១០៣.០៦ ភាគរយ នៃផែនការ ៧៥,០០០ហិកតា និង ស្រូវវស្សាអនុវត្តបាន ២៧០,១១១ ហិកតា ស្មើនឹង១០៧.៣២ ភាគរយ នៃផែនការចំនួន ២៥០,០០០ហិកតា។ ទទួលបានទិន្នផលជាមធ្យម ៣,០២ តោនក្នុងមួយហិកតា។ តុល្យភាពស្បៀងសម្រាប់ឆ្នាំ២០១៧ ក្រោយពីកាត់ចេញទុកហូប ទុកពូជ និងចិញ្ចឹមសត្វ នៅសល់សរុបជាង ៨៤៣ពាន់តោនស្មើ​និងអង្ករសរុបចំនួនជាង ៥៣៩ពាន់តោន។

ចំពោះការងារសាធារណការ អភិវឌ្ឍន៍ជនបទ និងធារាសាស្រ្តវិញ លោក ជា សុមេធី បានឲ្យដឹងថា តាមរយៈការជួយឧបត្ថម្ភគាំទ្រពីថ្នាក់ជាតិ ជាពិសេសតាមរយៈអនុសាសន៍ជាបន្តបន្ទាប់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការឆ្លើយតបសំណូមពរជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ ខេត្តទទួលបានគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៨០គម្រោង ហើយរហូតមកទល់បច្ចុប្បន្នអនុវត្តបានចំនួន ៣៣គម្រោង និងកំពុងបន្តអនុវត្តមួយចំនួនដែលសមិទ្ធផលទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុ្ងងការលើកកម្ពស់ផលិតភាព លើវិស័យកសិកម្ម ការដាំដុះ ការជញ្ជូន បម្រើដល់តម្រូវការ និង ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕