(ក្រចេះ)៖ កម្លាំងអាវុធហត្ថស្រុកចិត្របុរី ខេត្តក្រចេះ សហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើសង្កាត់ថ្មក្រែ បានស្ទាក់ចាប់​រថយន្តសាំយ៉ុង៣គ្រឿង ដឹកឈើប្រណិត និងឈើអារ ដែលកំពុងបើកដឹកចេញពីខេត្តស្ទឹងត្រែង បំណងចង់​លោតឆ័ត្រ​ទៅកាន់ប្រទេសវៀតណាម តាមខេត្តត្បូងឃ្មុំ។

លោក អ៊ឹម យុគន្ធរ មន្រ្តីអាវុធហត្ថ បានបញ្ជាក់នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា រថយន្តទាំង៣គ្រឿង ត្រូវបាន​កម្លាំង​របស់លោក សហការជាមួយមន្រ្តីរដ្ឋបាលព្រៃ ស្ទាក់ចាប់បាននៅគល់ស្ពានពាមទេ សង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ នាវេលាទៀបភ្លឺ ប៉ុន្តែភ្លាមៗនោះ អ្នកបើករថយន្តបានរត់គេចខ្លួនអស់ហើយ។

លោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានឲ្យដឹងថា រថយន្តទាំង៣គ្រឿងនេះមាន២គ្រឿង ដឹកឈើប្រណិត​ប្រភេទ​ធ្នង់និង១គ្រឿងទៀត ដឹកឈើអារប្រភេទលេខ២។ បន្ទាប់ពីចាប់បានហើយ រថយន្តទាំង៣គ្រឿង​ត្រូវបាននាំ​យក​ទៅរក្សាទុក នៅថ្នាលបណ្តុះកូនឈើខ្សា ដើម្បីរង់ចាំរាប់ចំនួន និងចាត់ការតាមនីតិវិធី៕